សម្ដេចតេជោ ហ៊ុន សែន បន្ដប្រកាសឲ្យពលរដ្ឋនៅរាជធានីភ្នំពេញ បើមិនចាំបាច់កុំចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលឆ្លងក្នុងសហគមន៍


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានបន្ដប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ បើមិនចាំបាច់នោះទេ សូមកុំចេញក្រៅផ្ទះបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលផ្ទុះក្នុងសហគមន៍ជាលើកទី៣។

ក្នុងឱកាសអញ្ជើញចាក់វ៉ាក់សាំង AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កាលដែលសម្ដេចអំពាវនាវឲ្យប្រជាពលរដ្ឋ នៅក្នុងផ្ទះកុំចេញក្រៅបើមិនចាំបាច់នេះ គឺដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» បើទោះបីកន្លងមកអាជ្ញាធរ និងសមត្ថកិច្ចត្រួតត្រាសភាពការណ៍បានយ៉ាងណាក្ដី។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះនៅទីក្រុងភ្នំពេញនេះ ពិតមែនតែយើងបានត្រួតត្រាសភាពការណ៍ ក៏ប៉ុន្ដែប្រជាពលរដ្ឋរបស់យើង បើគ្មានការចាំបាច់គួរតែនៅក្នុងផ្ទះសិន ព្រោះពេលដែល ផ្ទុះឡើងក្នុងសហគមន៍នេះ ចំនួនអ្នកឆ្លងក្នុងសហគមន៍នេះកើតឡើង ប្រមាណជាង៤០០នាក់ ត្រឹមតែប៉ុន្មានថ្ងៃសោះ ដែលចំនួនយើងកាលពីមុន មានត្រឹមតែជាង៤០០នាក់ លូវឡើងជាង៩០០នាក់រួចស្រេចទៅហើយ ឆ្លងលឿន ឆ្លងរហ័ស។ ដូច្នេះសូមបងប្អូនប្រយ័ត្នប្រយែង ដើម្បីយើងអាចត្រួតត្រា នឹងបញ្ចប់ព្រឹត្តិការណ៍នេះ»

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏ការអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតផងដែរ បើមិនមានការងារអ្វីចាំបាច់នោះទេ កុំធ្វើដំណើរទៅខេត្តព្រះសីហនុ ក្នុងកាលៈទេសៈដែលខេត្តមួយនេះ កំពុងតែឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈ ហើយអ្នកដែលកំពុងរស់នៅ ឬធ្វើការនៅខេត្តព្រះសីហនុ កុំទាន់បំផ្លាស់ទី ឬចេញពីខេត្តព្រះសីហនុ ទៅកាន់បណ្ដាខេត្តផ្សេងៗ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងស្ថានភាពបែបនេះ ប្រសិនបើប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗច្រើន នឹងនាំឲ្យមានផលលំបាកដល់អាជ្ញាធរ និងសមត្ថកិច្ច ក្នុងការតាមដានស្រាវជ្រាវ ព្រោះជំងឺកូវីដ-១៩ ដែលផ្ទុះក្នុងសហគមន៍ជាលើកទី៣នេះ ឆ្លងលឿន និងឆ្លងរហ័ស។

គួរជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់។ ក្នុងនោះ អ្នកឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៤០២នាក់ ភាគច្រើនជាជនជាតិបរទេស។

ដោយឡែក ទីតាំងដែលមានការពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ មានប្រមាណជិត១០០ទីតាំង ត្រូវបានអាជ្ញាធរសម្រេចបិទទ្វារជាបណ្ដោះអាសន្ន៕