លោកជំទាវ ឱ វណ្ណឌីន៖ ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មិនអាចបញ្ចប់បើពលរដ្ឋមិនចូលរួម


(ភ្នំពេញ)៖ មកដល់ថ្ងៃទី១៥ ខែមីនា ព្រឹត្តិការណ៍ «ឆ្លងក្នុងសហគមន៍២០កុម្ភៈ» មានរយៈពេលជិតមួយខែ តែមិនទាន់អាចកាត់ផ្តាច់នៅឡើយនោះទេ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបង្ហាញអាសន្នថា ព្រឹត្តិការណ៍នេះមិនអាចបិទបញ្ចប់ឡើយ បើពលរដ្ឋមិនចូលរួមទេនោះ។

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមថ្ងៃទី១៥ ខែមីនា បានរកឃើញអ្នកវិជ្ជមានរហូតដល់ទៅ ៨១០នាក់ហើយ ហើយមានអ្នកជំងឺម្នាក់បានស្លាប់ថែមទៀតផង។ ព្រឹត្តិការណ៍នេះ បានរីករាលដាលទៅខេត្តព្រះសីហនុ កណ្តាល ព្រៃវែង កោះកុង កំពង់ចាម កំពង់ធំ បាត់ដំបង និងសៀមរាបជាដើម។ ការរីករាលដាលនៃជំងឺមិនទាន់មានសញ្ញាណថមថយនៅឡើយទេ។

ក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធការបង្កើតច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន បានបង្ហាញការកត់សម្គាល់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានការរីករាលដាលខ្លាំង ដោយសារតែប្រជាពលរដ្ឋមានការធ្វេសប្រហែស មើលស្រាលទៅលើស្ថានភាពនៃការវាយលុករបស់មេរោគកូវីដ១៩ ដែលនាំឱ្យមានការចម្លងពីកន្លែងមួយ ទៅកន្លែងមួយ។

លោកជំទាវ បានបង្ហាញការកត់សម្គាល់របស់លោកជំទាវ ទៀតថា ទោះបីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដាក់ចេញវិធានការ និងការអំពាវនាវឱ្យចូលរួមទប់ស្កាត់ តែប្រជាពលរដ្ឋនៅតែជួបជុំហូបចុក និងធ្វើពិធីផ្សេងៗ ដែលមានការប្រមូលផ្តុំ។

លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការកាត់ផ្តាច់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ជារឿងសំខាន់ ដែលទាមទារឱ្យពលរដ្ឋចូលរួមអនុវត្តម៉ឺងម៉ាត់តាមវិធានកំណត់របស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះ «ការកាត់ផ្តាច់ការចម្លងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ជាការចាំបាច់នៅក្នុងដំណាក់កាលនេះ។ ធ្វើម៉េចដើម្បីកាត់បាន ទី១នៅផ្ទះ បើមិនចាំបាច់ទេ បើមិនមានភារកិច្ចត្រូវធ្វើទេ កុំចល័តអីនៅផ្ទះសុខសាន្ត នៅផ្ទះមានសុវត្ថិភាព នៅផ្ទះមិនរងហានិភ័យខ្ពស់នូវការចម្លងវីរុសកូវីដ១៩អាបែបបំប្លែងថ្មី។ កុំចល័ត អ្នកភ្នំពេញនៅភ្នំពេញសិនទៅ កុំធ្វើដំណើរចេញទៅខេត្ត ហើយអ្នកខេត្តសូមកុំធ្វើដំណើរចូលមកភ្នំពេញ»

លោកជំទាវ បានលើកឡើងពីការប្រមើមើលរបស់លោកស្រីពីចម្លងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែរថា វិជ្ជមានវីរុសកូវីដ១៩ ធ្លាក់ចុះ ឬកើនឡើងអាស្រ័យលើការអនុវត្តវិធានការសុខាភិបាល និងអនុវត្តវិធានការមិនមែនសុខាភិបាល។ ជាពិសេសបើពលរដ្ឋអនុវត្តឱ្យបានម៉ត់ចត់ជាទីបំផុតដោយនៅផ្ទះ, កុំចល័តចេញបើមិនចាំបាច់ អនុវត្តវិធានការ៣ការពារ និង៣កុំឱ្យបានម៉ត់ចត់ជាទីបំផុត និងអ្នកដែលមានតម្រូវឱ្យធ្វើចត្តាឡីស័ក គឺត្រូវមានភាពស្មោះត្រង់ នោះការរីករាលដាលអាចនឹងទប់ស្កាត់។

លោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះ «ប្រសិនបើបងប្អូនចូលរួមអនុវត្តបាននៅក្នុងពេលពីរសប្តាហ៍នេះសម្រាប់បុគ្គលខ្ញុំអ្នកបច្ចេកទេស ខ្ញុំរំពឹងថា ស្ថានភាពជាពិសេសករណីវិជ្ជមាន និងករណីឆ្លង នឹងថយចុះជាបណ្តើរៗ ហើយយើងអាចឈានចូលទៅដល់ការបញ្ចប់នូវការចម្លងនៅក្នុងពេលឆាប់ៗ»

តែទោះជាយ៉ាងណាលោកជំទាវ ឱ វណ្ណឌីន នៅតែបារម្ភខ្លាចព្រឹត្តិការណ៍នេះមិនអាចកាត់ផ្តាច់បាន បើពលរដ្ឋនៅតែមើលស្រាល ឬប្រមាថចំពោះការរីករាលដាលជំងឺកូវីដ១៩៕