រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រើនរំលឹកដល់មន្ត្រីជុំវិញខេត្ត បន្ទាប់ពីចុះណែនាំពលរដ្ឋបង្ការ-ទប់ស្កាត់ការឆ្លងបន្តជំងឺកូវីដ១៩ តែកុំភ្លេចចាំបាច់អនុវត្តន៍ខ្លួនឯងជាចម្បង ជាពិសេសការជួបជុំ និងចល័តទីតាំង នាថ្ងៃសម្រាកចុងសប្តាហ៍


(ត្បូងឃ្មុំ)៖ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ នៅសាលាខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល នាយកទីចាត់ការ ប្រធានច្រកចេញចូលនៃសាលាខេត្ត និងប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន។
ក្នុ្ងងកិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត និងសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ដោយសម្រេចយល់ព្រម សម្លេងគាំទ្រ២៥លើ២៥សម្លេង ព្រមទាំងបានឆ្លើយតប ដោះស្រាយជុំវិញបញ្ហាប្រឈមមួយចំនួនដែលបានលើកឡើងក្នុងកិច្ចប្រជុំនោះផងដែរ។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម ស៊ាក ឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកដល់មន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំទាំងអស់ បន្ទាប់ពីចុះអប់រំណែនាំបញ្ជ្រាបដល់ពលរដ្ឋពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងច្បាប់ដែលទើបដាក់ឲ្យអនុវត្តន៍ថ្មី ពាក់ព័ន្ធនឹងទោសទណ្ឌ និងការផាកពិន័យនោះ តែកុំភ្លេចត្រូវចូលរួមអនុវត្តន៍ខ្លួនឯងផ្ទាល់ជាចម្បងមុនគេ ទាំងអនាម័យរស់នៅ ការរក្សាគម្លាត ការអនុវត្ត៣កុំ ៣ការពារ ជាពិសេសការជួបជុំនានា និងការធ្វើដំណើរចល័តទីតាំង រៀងរាល់ថ្ងៃសម្រាកចុងសប្តាហ៍។
បន្ថែមពីនេះ គណៈអធិបតីទាំង២រូប បានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តសហការកំណត់អត្តសញ្ញាណអ្នកចំនូលស្រុកដែលមកពីតំបន់ហានិភ័យ ពិសេសពលករដែលសម្រុកចេញមកពីប្រទេសថៃតាមបណ្តាខេត្តនានាមានច្រកជាប់ព្រំដែន ដើម្បីមកលេងស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ក្នុងឳកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ត្រូវមកស្នាក់នៅចត្តាឡីស័កតាមមណ្ឌលដែលរដ្ឋបាលខេត្តបានរៀបចំទុក ដើម្បីបង្ការ-ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
សូមជម្រាបថា៖ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ក្នុងខេត្តត្បូងឃ្មុំ ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក សរុបមានចំនួន៦៤១នាក់ ស្រី២៧២នាក់ ដោយឡែកពលរដ្ឋដែលអនុញ្ញាតឲ្យទៅគេហដ្ឋានវិញ ក្រោយធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ មានចំនួន៦៣នាក់ ស្រី២៩នាក់ ចំណែក៥៧៨នាក់ទៀតកំពុងតាមដានសុខភាព និងធ្វេីចត្តាឡីស័កបន្ត ដែលភាគច្រើនសុទ្ធសឹងជាពលករដែលមកពីតាមតំបន់ព្រំដែនប្រទេសថៃ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឲ្យមានក្រុមការងារទៅទទួលដល់តាមបណ្តាខេត្តនានា៕