ពិធីប្រកាសទទួលស្គាល់បណ្តាញសមាគមនារី ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ថ្នាក់ភូមិ សង្កាត់ក្នុងក្រុងពោធិ៍សាត់


(​ពោធិ៍​សាត់​)៖ សមាស​ភាព​កិត្តិ​យស​សង្កាត់​ចំនួន​១៤​រូប និង​បណ្តាញ​ថ្នាក់​ភូមិ​១៩៨​រូប នៅ​ក្នុង​ក្រុង​ពោធិ៍​សាត់ ត្រូវ​បាន​សាខា​សមា​គម​នារី​កម្ពុជា ដើ​ម្បី​សន្តិ​ភាព និង​អភិ​វឌ្ឍន៍​ខេត្ត ធ្វើ​ពិធី​ប្រ​កាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ កាល​ពី​រសៀល​ថ្ងៃ​ទី ០១ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​សាល​ប្រ​ជុំ​នៃ​សណ្ឋា​គារ​ពោធិ៍​សាត់​សេន​ជូរី​ ស្ថិត​ក្រោម​អធិ​បតី​ភាព​លោក ម៉ៅ ធនិន អភិ​បាល​ខេត្ត លោក​ស្រី ឯម​ ប៉ុណ្ណា សមា​ជិកា​រដ្ឋ​សភា និង​ជា​សមា​ជិកា​ប្រ​តិបត្តិ​សមា​គម​នារី និង​លោក​ស្រី ហ៊ុន ចាន់ធី ប្រ​ធាន​កិត្តិ​យស សាខា​សមា​គម​នារី​កម្ពុជា ដើ​ម្បី​សន្តិ​ភាព និង​អភិ​វឌ្ឍន៍​ខេត្ត​ពោធិ៍​សាត់​។

លោក​ស្រី ហ៊ុន ចាន់​ធី លោក​ស្រី ឯម ប៉ុណ្ណា និង​លោក ម៉ៅ ធនិន បាន​សម្តែង​ការ​កោត​សរ​សើរ​ ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​សាខា​សមា​គម​នារី ដែល​បាន​រៀប​ចំ​ពង្រឹង​និង​ពង្រីក​រចនា​សម្ពន្ធ័ បណ្តាញ​សមា​គម​នារី​ឱ្យ​កាន់​តែ​មាន​ភាព​រឹង​មាំ និង​ទូលំ​ទូ​លាយ ដើ​ម្បី​រួម​ចំណែក ក្នុង​ការ​លើក​កម្ពស់​ស្ថាន​ភាព ជីវ​ភាព​ស្ត្រី ជា​ពិសេស​អំពី​តួ​នាទី ឋានៈ ចំណេះ​ដឹង​ជំនាញ ក៏​ដូច​ចូល​រួម​ដោះ​ស្រាយ​នូវ​ក្តី​កង្វល់ បញ្ហា និង​តម្រូវ​ការ​របស់​ស្ត្រី និង​កុមារ​ទូ​ទាំង​ខេត្ត កាន់​តែ​មាន​ភាព​រឹង​មាំ និង​មាន​ប្រ​សិទ្ធិ​ភាព​។ លោក និង​លោក​ស្រី បាន​ថ្លែង​ថា ពិធី​ប្រ​កាស​ទទួល​ស្គាស់​សមា​សភាព កិត្តិ​យស​ថ្នាក់ ឃុំ​ សង្កាត់ និង​បណ្តាញ​ថ្នាក់​ភូមិ បាន​អនុ​វត្ត​ជា​បន្ត​បន្ទាប់​រួច​មក​ហើយ ក្នុង​នោះ​មាន​ស្រុក​ក្រ​គរ ស្រុក​បាកាន​ ស្រុក​វាល​វែង និង​ស្រុក​ភ្នំ​ក្រ​វាញ រួម​ទាំង​ក្រុង​ពោធិ៍​សាត់​បាន​ចំនួន​១២៩១​រូប នៅ​សល់​តែ​ស្រុក​កណ្តៀង​មួយ​ប៉ុ​ណ្ណោះ​នឹង​ប្រ​កាស​នៅ​ពេល​ក្រោយ​។ នេះ​គឺ​ជា​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ នៅ​ថ្នាក់​មូល​ដ្ឋាន ឱ្យ​កាន់​តែ​មាន ភាព​រឹង​មាំ និង​ត្រឹម​ត្រូវ​ងាយ​ស្រួល ក្នុង​ការ​គ្រប់​គ្រង​ដឹក​នាំ ស្រប​ទៅ​តាម​លក្ខ​ន្តិកៈ​របស់​សមា​គមន៍​។ លោក និង​លោក​ស្រី​បាន​លើក​ឡើង​ទៀត​ថា សមា​គម​នារី​កម្ពុជា ដើ​ម្បី​សន្តិ​ភាព និង​អភិ​វឌ្ឍន៍​ គឺ​ជា​អង្គ​ការ​មហា​ជន ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ទង់​រណ​សិរ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្នុង​កាលៈ​ទេសៈ ប្រ​ទេស​ជួប​វិបត្តិ នៃ​សង្គ្រាម​បង្ក​ឡើង​ដោយ​របប​ប្រ​ល័យ​ពូជ​សាសន៍​។ រហូត​មក​ដល់​ពេល​នេះ សមា​គម​នារី​បាន​នឹង​កំពុង​បំផុស​បង​ប្អូន​នារី​គ្រប់​ស្រ​ទាប់​វណ្ណៈ ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស រួម​គ្នា​ជា​កម្លាំង​គាំទ្រ និង​អនុ​វត្ត​គោល​នយោ​បាយ របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ដោយ​ប្រ​កាន់​ខ្ជាប់​នូវ​ទស្សនៈ​អ្វី​ៗ​ទាំង​អស់ ដើ​ម្បី​សុខុ​មាល​ភាព​របស់​ស្រ្តី និង​កុមារ​។ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨ លោក និង​លោក​ស្រី បាន​សំណូម​ពរ​ដល់​បង​ប្អូន​នារី ចូល​រួម​គ្រប់​សកម្ម​ភាព ទាំង​ការ​ងារ​ចាត់​តាំង គ្រប់​គ្រង សតិ​អារម្មណ៍ ត្រូវ​ចៀស​វាង​ដាច់​ខាត នូវ​ការ​ចាញ់​ល្បិច​កល​ឆរបោក ឃោសនា​អកុសល របស់​បុគ្គល​មួយ​ចំនួន និង​ត្រូវ​ចេះ​គៀង​គរ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។

លោក និង​លោក​ស្រី​ មាន​ជំនឿ​ជឿ​ជាក់​ថា ការ​ពង្រីក​បណ្តាញ​សមា​គម​នារី​នា​ពេល​នេះ ពិត​ជា​មាន​អត្ថ​ន័យ​ជា​ប្រ​វតិ្ត​សាស្ត្រ ហេតុ​នេះ​សូម​ឱ្យ​បង​ប្អូន​នារី​យើង ​ខិតខំ​ប្រឹង​ប្រែង ​និង​ទទួល​ខុស​ត្រូវ​ទាំង​ថ្នាក់​កិតិ្ត​យស និង​ទាំង​បណ្តាញ​នៃ​សង្កាត់​ភូមិ​នី​មួយ​ៗ​ ព្រម​ទាំង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បាន​យល់​ដឹង​អំពី​លក្ខ​ន្តិកៈ​សមា​គម​នារី ត្រូវ​ចេះ​គ្រប់​គ្រង ដឹក​នាំ​ស្វែង​រក​មូល​និធិ​សម្រាប់​ទ្រ​ទ្រង់​សកម្ម​ភាព​អនុ​សាខា​និង​ជួយ​ទៅ​ដល់​ជន​ងាយ​រង​គ្រោះ ដោយ​ប្រ​ការ​ផ្សេង​ៗ​បាន​ទាន់​ពេល​វេលា និង​ចំ​គោល​ដៅ ​ប្រ​កប​ដោយ​ប្រ​សិទ្ធិ​ភាព​ខ្ពស់​។