ពិធីសំណេះសំណាលជាមួយកម្មករ និងនិយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសទិវាពលកម្មអន្តរជាតិលើកទី ១៣១


នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអមដំណើរ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខកម្មករ និយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសកត់សម្គាល់ខួបអនុស្សាវរីយ៍ លើកទី១៣១នៃទិវាពលកម្មអន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានគូសបញ្ជាក់ថា៖ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយស្ថេរភាព និងភាពរឹងមាំប្រចាំឆ្នាំ បានធ្វើឲ្យបរិមាណកុងតេន័រឆ្លងកាត់កំពង់ផែកើនឡើងជារៀងរាល់ឆ្នាំ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងនឹងវិនិយោគទឹកប្រាកប្រមាណជាង ២០០លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីកសាងចំណតផែកុងតេន័រ បំពាក់ដោយឧបករណ៍ គ្រឿងចក្រទំនើបៗ ដើម្បីឆ្លើយតបនឹងកំណើននៃការផ្តល់សេវាកម្មនៅក្នុងកំពង់ផែនេះ។