ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាកលវិទ្យាល័យសម្តេច ហេង សំរិន នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកឡើងវិញអំពីការបង្កើតទំព័រ Facebook របស់សម្តេច។ សម្តេចតេជោ បានបញ្ជាក់ថា ការបង្កើតទំព័រ Facebook នេះ មិនមែនដើម្បីប្រឆាំងនឹងនរណាម្នាក់នោះឡើយ តែបង្កើតឡើង ដើម្បីពន្លឿនការងារជូនប្រជាពលរដ្ឋ និងកាន់តែឲ្យមានប្រសិទ្ធភាព។
បន្ទាប់ពីការប្រកាសប្រើប្រាស់ជាផ្លូវក្នុងរយៈពេលជាង ៤ខែ បច្ចុប្បន្នទំព័រ Facebook របស់នាយករដ្ឋមន្រ្តីកម្ពុជា មានអ្នកចុចគាំទ្រ (Like) ជាង ២,៣លាននាក់ហើយ។ តាមរយៈទំព័រ Facebook នេះ សម្តេចតេជោ ហ៊ុន សែន បានទទួលសេចក្តីរាយការណ៍ដោយផ្ទាល់ពីប្រជាពលរដ្ឋ ដែលជួបនូវទុក្ខកង្វល់ និងបញ្ហានានា ហើយក៏បានឆ្លើយតប និងដោះស្រាយជូនពួកគេភ្លាមៗផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បើខ្ញុំមិនមានទេ (Facebook) ដំណោះស្រាយ ក៏មិនអាចធ្វើបានលឿនដែរ។ តើការដោះស្រាយលឿនបែបនេះ មិនគួរត្រូវបានលើកទឹកចិត្តទេឬ?។ ខ្ញុំមិនចោលទម្លាប់ធ្វើការរងាររបស់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែបន្ថែមល្បឿន ការងារប៉ុណ្ណោះ។ បញ្ហារបស់ប្រជាពលរដ្ឋ មិនមែនជាបញ្ហាតូចតាចទេ សូមកុំមើលស្រាល»។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលឹកអំពីការចាត់ចែងការងារមួយចំនួនជាមួយមន្រ្តីតាមប្រព័ន្ធ Whatsapp ក្រោយពេលទទួលបានសំណូមពរពីប្រជាពលរដ្ឋ។ សម្តេចបានរំលឹកពីការបញ្ជាទៅកាន់អភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ ឲ្យដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋម្នាក់ ដែលត្រូវបានថៅកែចាប់ដាក់គុក ព្រោះតែលុយ ៨០ដុល្លារផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ឆិតបញ្ឆៀងឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា កាលពីមុននិយាយអួតតែរឿង Facebook របស់ខ្លួន តែពេលនេះត្រូវបានចប់ហើយ, ចំនួនអ្នកគាំទ្រចាញ់សម្តេច៕