ឯកឧត្តម សុខ ឥសាន ៖ CNRP នឹងត្រូវជួបហានិភ័យ យ៉ាងធ្ងន់ធ្ងរ


 

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា គណបក្សសង្រ្គាះជាតិ (CNRP) ​នឹងត្រូវជួបហានិភ័យយ៉ាងធ្ងន់ធ្ងរ នៅអាណត្តិខាងមុខ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ថា គណបក្សប្រជាជនកម្ពុជា មានសមាជិកជាង ៥ លាននាក់ ហើយសមាជិក-សមាជិកា ដែលបានទៅចុះឈ្មោះបោះឆ្នោត មានចំនួន ៦៨ ភាគរយ នៃចំនួនចុះឈ្មោះបោះឆ្នោតសរុប ដែលមានចំនួន ៧, ៨ លាននាក់  ។

ឯកឧត្តម សុខ ឥសាន បន្តទៀតថា គ្រាន់តែអ្នកបានចុះឈ្មោះរួច គឺមានចំនួនលើសពី៥០ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត ចុះទំរាំ ​​បូកជាមួយអ្នកមកសុំរួមរស់ ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាហូហែរ រៀងរាល់ថ្ងៃនោះ គឺគណបក្សប្រជាជនកម្ពុជា នឹងមានលទ្ធភាពឈ្នះឆ្នោត ដោយស្វ័យប្រវត្តិ មិនបាច់សង្ស័យឡើយ។

ឯកឧត្តម បានបន្តថា  ចំពោះគណបក្សសង្គ្រោះជាតិវិញ កាលពីបោះឆ្នោតឆ្នាំ២០១៣ គណបក្សនេះ បានឡើងសំឡេងដល់កំរិតខ្ពស់បំផុតហើយ គឺបានតែ ៥៥ កៅអីប៉ុណ្ណោះ  ដោយរួមមាន សមាគមអ្នកប្រជាធិបតេយ្យ របស់លោកតា ម៉ម សូណង់ដូ ចូលរួម ខាងលោក សួន សេរីរដ្ឋា ក៏ជួយបោះឆ្នោតឲ្យផងដែរ។ គូសបញ្ជាក់ថា  ឥឡូវលោកម៉ម សូណង់ ក៏បានចាកចេញ លោក សួន សេរីរដ្ឋា ក៏បានទៅបង្កើតគណបក្សមួយ ដោយឡែក លោកស្រី ឡាក់ សុភាព អតីតសមាជិកនៃគណៈកម្មាធិការនាយក ក៏បានចាកចេញទៅបង្កើត គណបក្សផ្សេងដែរ ដូចនេះហើយ ធ្វើឲ្យសំឡេងគាំទ្រ ពីមុនរបស់គណបក្សសង្រ្គាះជាតិ ត្រូវថយចុះយ៉ាងច្រើន គួរឲ្យកត់សម្គាល់។

 

ឯកឧត្តមបានបន្ថែមថា “ដូច្នេះហើយ គណបក្សសង្គ្រោះជាតិ ត្រូវជួបហានិភ័យយ៉ាងធ្ងន់ធ្ងរ ហើយ ខ្សែជីវិតរបស់គណបក្សសង្គ្រោះ ប្រៀបបាននឹងរត់តាមខ្សែគូថខ្ទះផ្កាប់ ជំរាលពីកំពូលភ្នំចុះមកក្រោម មានអីត្រូវនិយាយទៀត  មិនអាចត្រូវនិយាយរឿងឈ្នះបានឡើយ”៕