សន្និសីទសារព័ត៌មានស្តីអំពី៖ ការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ឆ្នាំ២០១៧


នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងតួនាទីជាប្រធានគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ឯកឧត្តមបណ្ឌិត កៅគឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម សែន សិលា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ៖ “យុវជន បច្ចេកវិទ្យា និងកំណើន ”។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ វេទិកានេះនឹងមានការចូលរួមពីប្រតិភូចំនួន៦០៤រូប ដែលក្នុងនោះរួមមាន៖ លោកប្រធានាធិបតីប្រទេសហ្វីលីពីន នាយករដ្ឋមន្រ្តីប្រទេសវៀតណាម នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីប្រទេសឡាវ និងរដ្ឋមន្ត្រីចំនួន១៨រូបផ្សេងទៀតមកពីជុំវិញពិភពលោក។
វេទិកាសេដ្ឋកិច្ចពិភពលោកនេះបានទាក់ទាញចំណាប់អាមរ្មណ៍ប្រមុខរដ្ឋាភិបាល មេដឹកនាំធុរកិច្ច អ្នកស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល អ្នកដឹកនាំយុវជន និងអ្នកដឹកនាំប្រកបដោយឥទ្ធិពលមួយចំនួនផ្សេងទៀតមកពីជុំវិញពិភពលោក។ វេទិកានេះប្រព្រឹត្តទៅក្រោមប្រធានបទ៖ “យុវជន បច្ចេកវិទ្យា និងកំណើន” ដែលជាប្រធានបទសមស្រប ជាពិសេស សម្រាប់កម្ពុជាដែលមានប្រជាជនវ័យក្មេងជាច្រើនកំពុងក្រេបយកចំណេះដឹងផ្នែកបច្ចេកវិទ្យាថ្មីៗ ធ្វើជាមធ្យោបាយក្នុងការទំនាក់ទំនងនិងការធ្វើពាណិជ្ជកម្ម។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សម្គាល់ថា៖ នេះជាឱកាសមាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញខ្លួននៅលើឆាកអន្តរជាតិ ហើយក៏ជាវេទិកាមួយអាចទាក់ទាញវិនិយោគិនបរទេសជាច្រើនបន្ថែមទៀតមកវិនិយោគនៅកម្ពុជាផងដែរ។