ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ផ្តល់ជូនប្រជាពលរដ្ឋជាង១០០គ្រួសារ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល


(កណ្តាល)៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងកំឡុងដែលពេលជួបប្រទះជំងឺកូវីដ ១៩ នៅឃុំគោកត្រប់ចំនួន៥៨គ្រួសារ និងឃុំត្រពាំងវែងចំនួន៥០គ្រួសារ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

ការផ្តល់ជូនអំណោយពេលនេះ គឺដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងកំឡុងពេល ប្រទេសកម្ពុជាជួបប្រទះនូវជំងឺកូវីដ-១៩ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេសក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងខេត្តកណ្តាល។

ឯកឧត្តមបានបញ្ជាក់ថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈតែម្ដង។

ឯកឧត្តមក៏បានស្នើឲ្យប្រជាពលរដ្ឋមេត្តាអត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ពិសេសត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីជៀងវាងការឆ្លងនូវជំងឺកូវីដ១៩ ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមឲ្យដឹងថា ក្នុងដំណាក់កាលនេះមានតែកិច្ចសហការ និងការចូលរួមរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទេ ទើបអាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះ ពិសេសអាជ្ញាធរត្រូវអនុវត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងនោះដែរ បងប្អូនកុំជឿតាមការញោះញ៉ុងរបស់ជនអគតិមួយចំនួន ដូចនេះបងប្អូនប្រជាពលរដ្ឋដែលដល់វេនទទួលការចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យគ្រប់ៗគ្នា និងសូមឱ្យមានការជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចការនឿយហត់ដើម្បីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។

អំណោយនាពេលនេះ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង១០៨គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូ ឆៃប៉ូវ០១គីឡូក្រាម សៀង០១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល និងមានការឧបត្ថម្ភបន្ថែមដល់ក្រុមគ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កចំនួន ០៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០១គីឡូក្រាម ប៊ីចេង០១កញ្ចប់ សាច់ជ្រូក០២គីឡូក្រាម និងបានឧបត្ថម្ភប៉ុស្តិ៍ការពារដាក់ប៉ារ៉ាស់ក្នុងភូមិនីមួយៗ នៅឃុំគោកត្រប់ចំនួន១០កន្លែង ដោយក្នុងមួយកន្លែងទទួលទឹកសុទ្ធ០១កេស ទឹកក្រូច ទឹកផ្លែឈើ០១កេស និងថវិកាចំនួន១០០,០០០រៀល ព្រមទាំងបានចូលរំលែកទុក្ខ និងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋ០៣គ្រួសារ នៅឃុំត្រពាំងវែង ដោយក្នុង១គ្រួសារ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ៩,១៣០,០០០រៀល (ប្រាំបួនលាន មួយសែន បីម៉ឺនរៀល)៕