មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបាននិងកំពុងរៀបចំគម្រោងអភិរក្សប្រាសាទចៅស្រីវិបុល


ប្រាសាទចៅស្រីវិបុលមានទីតាំងនៅក្នុងភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អ្នកស្រាវជ្រាវយល់ថា តាមរយៈរចនាបថឃ្លាំង និងបច្ចេកទេសសំណង់គឺដូចគ្នាទៅនឹងចំណុចមួយចំនួននៃប្រាសាទភ្នំជីសូរ វត្តបាសែត វត្តឯកភ្នំ និងព្រះវិហារ ដែលកសាងឡើងក្នុងអំឡុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១។ បច្ចុប្បន្នប្រាសាទនេះ ទទួលរងនូវការខូចខាតស្ទើរទាំងស្រុង ប៉ុន្តែក៏នៅទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរមួយចំនួនផងដែរ។
ប្រធានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ លោកបណ្ឌិត ឈាន រដ្ឋា បានរៀបរាប់ថា ស្ថានភាពខូចខាតនៃប្រាសាទចៅស្រីវិបុលនេះកើតឡើងដោយកត្តាសំខាន់ៗ៣យ៉ាងគឺ កត្តាសង្រ្គាម ដែលប្រើប្រាស់ប្រាសាទជាទីតាំងសមរភូមិ កត្តាមនុស្ស តាមរយៈការលួចគាស់កកាយរកវត្ថុមានតម្លៃជាដើម និងកត្តាធម្មជាតិ តាមរយៈអាយុកាលរបស់ប្រាសាទ និងដើមឈើធំៗដុះឫសជ្រែកថ្មប្រាសាទបណ្តាលឲ្យប្រាសាទដួលរលំ។
ចាប់ពីឆ្នាំ២០០៧មក នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានចុះធ្វើការអភិរក្ស ដោយផ្តោតសំខាន់លើការងារទល់ទ្រ និងទប់ស្កាត់ការដួលរលំបន្ត។ មកទល់នឹងពេលនេះ ក្រុមអ្នកជំនាញបានធ្វើការទល់ទ្របានចំនួន១៧ចំណុចសំខាន់ៗ និងកំពុងរៀបចំផែនការទល់ទ្រចំនួន៥ទីតាំងបន្ថែមទៀត។ ក្រៅពីនេះ ក្រុមការងារបានរៀបចំធ្វើផែនទីហានិភ័យ ដើម្បីតាមដានស្ថានភាពគ្រោះថ្នាក់នៃប្រាសាទនេះជាប្រចាំ ដោយមានបុគ្គលិកប្រចាំការម្នាក់ ភ្នាក់ងារ៧នាក់ និងកម្មករ១៩នាក់។
លោក រដ្ឋា បន្ថែមថា ចំពោះកិច្ចការអភិរក្សទល់ទ្រប្រាសាទនេះ គឺត្រូវបានធ្វើឡើងដោយអ្នកជំនាញខ្មែរនិងប្រើប្រាស់ថវិកាជាតិ ពុំទាន់មានស្ថាប័នអន្តរជាតិណាមួយចូលរួមនៅឡើយ។ ទោះជាយ៉ាងនេះក្តី អ្នកជំនាញបរទេសក៏តែងផ្តល់អនុសាសន៍ខ្លះៗតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអាយស៊ីស៊ីជាដើម។ បច្ចុប្បន្ន អ្នកជំនាញកំពុងព្យាយាមរៀបចំគម្រោងតូចៗដើម្បីធ្វើការអភិរក្សជួសជុល ទៅតាមលទ្ធភាពនៃថវិកាជាតិ។
ប្រធាននាយកដ្ឋានស្តីទីរូបនេះបន្ថែមថា ការងារអភិរក្សនៅប្រាសាទចៅស្រីវិបុល មិនត្រឹមតែគិតគូរទៅលើសំណង់ប្រាសាទប៉ុណ្ណោះទេ តែអ្នកជំនាញបានគិតគូរដល់តំបន់ជុំវិញប្រាសាទដូចជា កសិន្ធុ និងព្រៃឈើជាដើម។ បញ្ហាប្រឈមនៃការងារអភិរក្សនេះ គឺប្រជាពលរដ្ឋមួយចំនួនដែលមិនបានយល់ដល់តម្លៃនៃបេតិកភណ្ឌ បានព្យាយាមជីកដីលក់ក្នុងតំបន់ការពារ កាប់ឆ្ការព្រៃ និងសាងសង់សំណង់ក្នុងតំបន់ការពារជាដើម។ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមក្នុងកិច្ចការអភិរក្សនេះឲ្យបានគ្រប់គ្នា ដើម្បីភាពគង់វង្សយូរអង្វែងនៃបេតិកភណ្ឌជាតិ៕