ក្នុងយុទ្ធនាការរយៈពេល៥ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋ នៅតំបន់ក្រហមបានជិត ២០ម៉ឺននាក់


(ភ្នំពេញ) រយៈពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ២០ម៉ឺននាក់ហើយ។
យោងតាមរបាយការណ៍ដែលទទួលបាននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី០៥ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ចំនួន ១៩៦,០៦៦នាក់ ស្រី ១០២,៣៣៨នាក់។
ក្នុងនោះខណ្ឌមានជ័យ ចាក់បាន៤១,៤៥១នាក់ ខណ្ឌ ដង្កោ ចាក់បាន ៤៧,៦៥២ នាក់ ខណ្ឌកំបូល ចាក់បាន ៣៤,៨៦៦នាក់ និងខណ្ឌពោធិ៍សែនជ័យចាក់បាន៧២,០៩៧ នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ការចាក់វ៉ាក់សាំងនេះ មានដំណើរការល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានកត់សម្គាល់ឃើញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក្តី។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏មុះមុតរបស់ក្រុមការងារចាក់វ៉ាក់សាំង និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាល ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
ការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាបំណង ប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ ការជម្នះផលលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះរីករាយជាខ្លាំង។
សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៤៩២,៣៦០នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ១៩៦,០៦៦នាក់ ខណៈចាក់លើកទី២ បានចំនួន ២៧២,២៧៤នាក់។
ដោយឡែកបើគិតត្រឹមយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបចំនួន ១,៥៦៥,២៩២នាក់។
រាជរដ្ឋាភិបាលកម្ពុជា បានចាប់ ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម នៃខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ ខណៈខណ្ឌឫស្សីកែវ ដែលមានតំបន់ក្រហមក្នុងសង្កាត់ទួលសង្កែទី១ នោះ នឹងរៀបចំការវ៉ាក់សាំងនៅថ្ងៃទី៧ ខែឧសភាស្អែកនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រុមការ ងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងល្បឿនមួយយ៉ាងលឿន។ សម្តេចតេជោ បានគូសបញ្ជាក់ថា នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ រហូតដល់គ្រប់គ្នា ហើយបើមិនទាន់អស់គ្នានឹងមិនដកថយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ឱ្យគោរពតាមវិធានរបស់ក្រសួងសុខាភិបាល និងកុំបញ្ច្រៀតគ្នា ដែលបង្កើតហានិភ័យនៃការឆ្លងជំងឺ។ សម្តេចតេជោ បានបញ្ជាក់ថា វ៉ាក់សាំងនឹងមានគ្រប់គ្នា គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ម្សិលមិញ ក៏បានបញ្ជាក់ផងដែរថា៖ ប្រតិបត្តិការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលជាតំបន់ប្រឈមការរីករាលដាលជំងឺកូវីដ១៩ នោះ គឺចាក់រហូតអស់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើចាក់មិនអស់ គឺមិនដក ថយជាដាច់ខាត ៕