អភិបាលខណ្ឌឫស្សីកែវ បន្តយកស្បៀងអាហារចែកពលរដ្ឋ៥០០គ្រួសារទៀត ដើម្បីដោះស្រាយជីវភាពក្នុង «តំបន់លឿងទុំ»


(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៥០០គ្រួសារទៀត ស្ថិតនៅក្នុងសាលាបឋមសិក្សាពញាក្រែក «តំបន់លឿងទុំ» ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានបន្តទទួលបានស្បៀងអាហារ ដើម្បីដោះស្រាយជីវភាព ពីក្រុមការងាររដ្ឋបាលខណ្ឌ បន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលការឧបត្ថម្ភស្បៀងអាហារ ពីក្រុមហ៊ុន (ហុងថុង អិចប្រេស) តាមរយះឧត្តមសេនីយ៌ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌឫស្សីកែវ។

សកម្មភាពសមធម៌នេះ លោក ជា ពិសី បានឆ្លៀតឱកាសអំពាវនាវឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តស្រាវជ្រាវរិះរកគ្រប់មធ្យោបាយ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់និងអត់ស្បៀងអាហារ ឫអត់បាយ ដោយមិនបានដឹងពីមូលហេតុនោះទេ ក្រោយពីរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចបិទខ្ទប់ និងកំណត់ជា «តំបន់ក្រហម» «តំបន់លឿង» និង «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

បន្ថែមពីនេះ លោក ជា ពិសី បានអំពាវនាវប្រជាពលរដ្ឋ ឱ្យធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់ក្រសួងសុខាភិបាល ដែលជាសារដឹកនាំផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា សម្រាប់ស្បៀងអាហារដែលប្រជាពលរដ្ឋទាំង៥០០គ្រួសារ ទទួលបានក្នុងមួយគ្រួសារ រួមមាន៖ អង្ករ, ទឹកត្រី, ទឹកស៉ីអ៉ីវ, ត្រីខ, សាច់ក្រក, ត្រសក់ ជាដើម៕