ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ចាត់ឲ្យក្រុមការងារនាំសម្ភារបរិក្ខាពេទ្យ ដល់មន្ទីរពេទ្យបង្អែកស្រុកពញាឮ ខេត្តកណ្តាល


(កណ្តាល)៖ រសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១ តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ជាថ្មីម្តងទៀត បានពាំនាំនូវសម្ភារបរិក្ខាពេទ្យមួយចំនួន សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកពញាឮ មានដូចជា អាល់កុល ចំនួន ១.៥០០ លីត្រ, ម៉ាស់ N95 ចំនួន ៥.០០០ ម៉ាស់, ស្រោមដៃ ចំនួន ៥.០០០, របាំងមុខ ចំនួន ៣០០ និងខោអាវយកសំណាក ចំនួន ៣០០កំប្លេរ។

សូមជម្រាបជូនថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីត១៩ នៅកម្ពុជា ទីតាំងវិទ្យាល័យ ទេពប្រណម និងអាគារវប្បធម៌ស៊ុយសុផាន ស្ថិតក្នុងស្រុកពញាឮ ត្រូវបានប្រែក្លាយទៅជាមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលបងប្អូន ប្រជាពលរដ្ឋដែលធ្វើដំណើរមកពីបណ្តាខេត្តផ្សេងៗ និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកពញាឮ បានជាង៤០០នាក់ និងការធ្វើចត្តាឡីស័កនៅតាមផ្ទះប្រមាណ ៣ពាន់នាក់ផ្សេងទៀត។

ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្កឡើងដោយព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» បានតម្រូវឲ្យរដ្ឋបាលស្រុកពញាឮ ប្រែក្លាយទីតាំងសាលាបឋមសិក្សាអដ្ឋិឬស្ស ស្ថិតក្នុងឃុំផ្សារដែក ជាកន្លែងសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ១៩ កម្រិតស្រាល ដែលមានសម្ថភាពអាចទទួលអ្នកជំងឺបានប្រមាណ១០០នាក់ (បច្ចុប្បន្នអ្នកជម្ងឺកម្រិតស្រាល៤នាក់ កំពុងសម្រាកព្យាបាល)។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីបានឧបត្ថម្ភជាបន្តបន្ទាប់ និងនាពេលនេះ នូវសម្ភារបរិក្ខាពេទ្យជាច្រើននៅតាមទីតាំងមណ្ឌលចត្តាឡីស័ក ការធ្វើចត្តាឡីស័កនៅតាមផ្ទះ ការចុះយកសំណាកនៅតាមភូមិ-ឃុំដែលមានការពាក់ព័ន្ធ និងទីកន្លែងសម្រាប់ព្យាបាលជម្ងឺកូវីដ១៩ ដែលទើបបង្កើតឡើងថ្មីៗនេះផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកពញាឮ លោកអភិបាលស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រៅបំផុតចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភ និងគាំទ្រគ្រប់សកម្មភាពទាំងស្មារតី និងសម្ភារដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងស្រុកពញាឮ ជាពិសេស ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា បាននិងកំពុងជួបប្រទះនឹងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩នេះ៕