ឃុំចំនួន ៣ និងភូមិចំនួន ៥ ស្រុកបាធាយទទួលបានសេចក្តីសម្រេចលេខ ០៩០, ០៩១ ០៩៧/២១ ស.ស.រ របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការដាក់ដំណើរការឡើងវិញ ក្រោយពីការរាំងខ្ទប់


នាព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម អុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានយកសេចក្តីសម្រេចលេខ ០៩០,០៩១,០៩៧/២១ ស.ស.រ របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការដាក់ដំណើរការឡើងវិញនៅភូមិចំនួន ៥ និងឃុំចំនួន៣ គឺ ភូមិសង្កើប ភូមិចុង ក្នុងឃុំសំបូរ, ភូមិតាំងក្រាំង ក្នុងឃុំជាលា និងភូមិ ជើងឆ្នុក ភូមិ កំពង់ព្រះ ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អុំភឿន គុណវុឌ្ឍ អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា ដើម្បីទប់ស្កាត់ពីការរីករាលដាលនៃជំងឺកូវីដ-19 អាជា្ញធររដ្ឋបាលឃុំត្រូវតាមដាន ការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋពីតំបន់ណាទៅតំបន់ណាអោយបានច្បាស់លាស់ ចំពោះអជ្ញាធរមានសមត្ថកិច្ច ត្រូវរឹតបន្តឹងចំពោះអ្នកណាដែលមិនអនុវត្តទៅតាមការនែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ចាម ដោយឡែកមន្រ្តីសុខាភិបាល ត្រូវបន្តយកសំណាក់ពីអ្នកធ្វើចត្តាឡីស័ក និងតាមដានពីស្ថានភាពរបស់ពួកគាត់។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសជាច្រើននៅលើពិភពលោក ដោយមានអ្នកឆ្លងជំងឺ និងអ្នកស្លាប់រាប់លាននាក់ ក្នុងនោះប្រទេសកម្ពុជាយើង ក៏មិនទាន់អាចបញ្ឈប់ការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយ ។
ឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិ ដែរដាក់ឱ្យដំណើរការឡើងវិញនេះ ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយ ពាក់ម៉ាស រក្សាគម្លាត និងបើសិនជាមានអ្នកចំណូលថ្មីចូលមកក្នុងភូមិ ត្រូវប្រាប់ទៅអាជ្ញាធរឲ្យបានដឹងដើម្បីយកសំណាកពួកគាត់ទៅពិនិត្យរកមេរោគជំងឺកូវីដ-១៩ និង ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍របស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ ៣.ការពារ គឺទី១-ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ,ទី២-លាងដៃជាមួយសាប៊ូ, អាល់កុល ឬជែល ,ទី៣-រក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ និង ៣.កុំៈគឺទី១-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ,ទី២-កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ,ទី៣-កុំប៉ះពាល់គ្នា។ ដែលនេះជាវិធានការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីកាត់ផ្តាច់ខ្សែចំលង នៃជំងឺកូវី-១៩ កាន់តែធ្ងន់ធ្ងរក្នុងគ្រួសារ សហគមន៍ និងដើម្បីកុំឱ្យមានការឆ្លង និងនាំឲ្យបិទ ភូមិ-ឃុំ នៅទីនេះម្ដងទៀត។