វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ចំនួន ១លានដូស ដែលកម្ពុជាយើងបានបញ្ជារទិញពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់នៅថ្ងៃទី ២៣ ខែឧសភា ខាងមុខនេះ


នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ខាងមុខនេះ កម្ពុជានឹង ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ដែលបញ្ជារទិញពី រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១លានដូសបន្ថែមទៀត។
សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ ខែឧសភា ខាងមុខនេះ គឺជាវ៉ាក់សាំងលើកទី៥ហើយ ក្នុងខែឧសភា ឆ្នាំ ២០២១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងលើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងលើកទី៤ ដឹកមកកាលពីថ្ងៃទី ១៦ ខែឧសភា កន្លងមកនេះ។
សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស ដែលនឹងដឹកមកកម្ពុជានៅថ្ងៃទី ២៣ ខែឧសភាខាងមុខនេះ កម្ពុជានឹងមានវ៉ាក់សាំងនៅក្នុងដៃសរុប ២លានដូស ដែលនឹងអាចចាក់ឲ្យប្រជាជននៅរាជធានីភ្នំពេញចាក់បានគ្រប់ ឬជិតគ្រប់។

សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ-១៩។ កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤.៥លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ២.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងអោយទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ៕