លោកជំទាវ ម៉ែន សំអន អញ្ជើញបញ្ចុះបឋមសិលាកសាងចូឡាមនីចេតិយ សម្រាប់តម្កល់ព្រះបរមសារីរិកធាតុ នៅខេត្តកំពង់ស្ពឺ


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពីក្រុងពាលីបញ្ចុះបឋមសិលាកសាងចូឡាមនីចេតិយសម្រាប់តម្កល់ព្រះបរមសារីរិកធាតុ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងនៅក្នុងរមណីយដ្ឋានឧទ្យានជាតិព្រះសុរាម្រិត កុសុមៈ គីរីរម្យ នៃភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។
ឆ្លៀតក្នុងឱកាសនោះផងលោកជំទាវក៏បានមានប្រសាសនថា ៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវក្នុងការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ និងប្រកបដោយគិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យប្រទេសមានការរីកចម្រើននិងអភិវឌ្ឍន៍លើ គ្រប់វិស័យ ក្នុងមានទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ។ ការរីកចម្រើនទាំងនេះ រួមផ្សំជាមួយនឹងប្រទេសជាតិមានសុខសន្តិភាព និងមានស្ថេរភាពនយោបាយល្អ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ទាំងនៅក្នុងស្រុក និងក្រៅស្រុក មានសិទ្ធិសេរីភាពពេញលេញក្នុងការរួមគ្នាធ្វើបុណ្យតាមសទ្ធាជ្រះថ្លាររៀងៗខ្លួន ។ តួយ៉ាងដូចជាការបញ្ចុះបឋមសិលាកសាងចូឡាមនីចេតិយសម្រាប់តម្កល់ព្រះបរមសារីរិកធាតុ ដែលមានបណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ និងកម្ពស់ ៥៣ម៉ែត្រ នាពេលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីរួមសាមគ្គីគ្នាទាំងកម្លាំងកាយចិត្ត ថវិកា ស្មារតី ក៏ដូចជាការគៀងគរគ្នាក្នុងការកសាងសមិទ្ធិផលទាំងនេះឲ្យចេញជារូបរាងឡើងសម្រាប់ជាទីគោរព សក្ការៈ នៃពុទ្ធសាសនិកជនទាំងអស់គ្នា ក្នុងន័យជួយទាក់ទាញទេសចរណ៍ឲ្យមកទស្សនាកម្ពុជា ជាទីកន្លែងសម្រាប់រៀបចំពិធីព្រះពុទ្ធសាសនា ក្នុងបួងសួងសុំសេចក្តីសុខ ដែលជួយជម្រុញឲ្យវិស័យសាសនា និងវិស័យទេសចរណ៍ឲ្យមានការរីកចម្រើនថែមមួយកម្រិតទៀត ។
លោកជំទាវក៏បានថ្លែងអំណរគុណដល់ មហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា រួមជាមួយពុទ្ធសាសនិកជនទាំងអស់ ដែលបានចូលរួមក្នុងការកសាង សមិទ្ធិផលនាពេលនេះ និងបន្តចូលរួមចំណែកសហការគ្នាបន្ថែមទៀត ដើម្បីបន្តការកសាងសមិទ្ធិផលនៅលើទីតាំងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាឲ្យបានសម្រេចតាមផែនការដែលបានគ្រោងទុក។
លោកជំទាវក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា កម្មករ កម្មការនីទាំងអស់សូមកំភ្លេចនាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសរើសឃុំ- សង្កាត់ ឲ្យបានប់ៗគ្នានៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧នេះកុំបីខកខានឡើយ ៕