ពិធីសម្ពោធសមិទ្ឋិផលនានា របស់អង្គការសប្បុរសធម៌បរិសុទ្ឋថ្ងៃចុងក្រោយ ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង


លោក ម៉ននី បណ្ឌិត អភិបាលស្រុកសីុធរកណ្តាលបានថ្លែងថាស្រុកសីុធរកណ្តាលមានកិត្តិយសយ៉ាងក្រៃលែង ដោយទទួលវត្តមានដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុំ វណ្ណា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម អ៊ួង វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា និងលោកប្រធានអង្គការសប្បុរសធម៌បរិសុទ្ធថ្ងៃចុងក្រោយ អញ្ជើញជាគណៈ អធិបតីភាព ក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់អង្គការសប្បុរសធម៌បរិសុទ្ធថ្ងៃចុងក្រោយ នាឳកាសនេះ។
វត្តមានដ៍ឧត្តុង្គឧត្តមរបស់ឯកឧត្តមគណៈធិបតីក្នុងឳកាសដ៍ថ្លៃថ្លានេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងអោយ ឃើញកាន់តែច្បាស់នូវការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព អនាម័យ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានអោយមានការរីកចំរើនលើគ្រប់វិស័យ ។ ជាក់ស្តែងកន្លងមក ឯកឧត្តមបានខិតខំ កៀងគរ ទំនាក់ទំនងយកអំណោយពីប្រមុខរាជរដ្ឋាភិបាល អង្គការដៃគូរ សប្បុរសជននានា ព្រមទាំងធនធាន ផ្ទាល់ខ្លួន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដូចជាៈស្បៀង គ្រឿងបរិភោគ ឧបភោគ និងបានផ្តល់ បង្គន់អនាម័យ អណ្តូងទឹក ម៉ាស៊ីនបូមទឹក ម៉ូទ័របូប ស៊ីទែនទឹកនិងរ៉ាបូលាងដៃ ជូនដល់សាលាស្រុក ការិយាល័យ អង្គភាពជំនាញជុំវិញស្រុក មន្ទីរពេទ្យ មណ្ឌលសុខភាព សាលារៀន និងតាមសាលាឃុំ មួយចំនួនក្នុងស្រុកស៊ីធរកណ្តាល ដោយចំណាយថវិកាអស់ចំនួន ២១៥,៩០៣.៧៨ដុល្លារ ។
ជំនួយទាំងនេះបានធ្វើអោយប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបីតាសិស្ស ព្រមទាំង មន្ត្រីរាជការមានភាពសប្បាយរីករាយចំពោះអង្គការសប្បុរសធម៌បរិសុទ្ធថ្ងៃចុងក្រោយ ដែលបានគិតគូរយកចិត្ត ទុកដាក់ពីបញ្ហាសុខភាព អនាម័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រីរាជការទូទាំងស្រុក និងចូលរួមកាត់បន្ថយនៅការឆ្លងជម្ងឺផ្សេងៗដែលកើតពីបញ្ហាកង្វះអនាម័យ ។
លោក ម៉ននី បណ្ឌិត អភិបាលស្រុកសីុធរកណ្តាល សូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអ៊ួង វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ឯកឧត្តម អ៊ុំ វណ្ណា អភិបាលរង នៃគណៈអភិបាលខេត្ត និង លោកប្រធានអង្គការសប្បុរសធម៌បរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តល់អំណោយ ជាស្បៀង គ្រឿងបរិភោគ ឧបភោគ ជូនដល់ប្រជាពលរដ្ឋ និងបង្គន់អនាម័យ អណ្តូងទឹក ម៉ាស៊ីនបូមទឹក ម៉ូទ័របូប ស៊ីទែនទឹកនិងរ៉ាបូលាងដៃ ជូនដល់សាលាស្រុក ការិយាល័យ អង្គភាពជំនាញជុំវិញស្រុក មន្ទីរពេទ្យ មណ្ឌលសុខភាព សាលារៀន តាមសាលាឃុំ កន្លងមក និងសូមបន្តជួយដល់ប្រជាពលរដ្ឋក្នុងស្រុកស៊ីធរ កណ្តាលបន្ថែមទៀតលើបញ្ហាសុខភាព អនាម័យ ទឹកស្អាត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋមួយចំនួននៅមានបញ្ហាជីវភាពខ្វះខាត ខ្វះការយល់ដឹងពីសុខភាពអនាម័យនិងមិនទាន់មាន ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ។
Prey Veng 12-2-2016 (1)                     Prey Veng 12-2-2016 (2)
Prey Veng 12-2-2016 (5)                        Prey Veng 12-2-2016 (7)
Prey Veng 12-2-2016 (6)                        Prey Veng 12-2-2016 (8)
Prey Veng 12-2-2016 (9)                              Prey Veng 12-2-2016 (10)