ឯកឧត្តម សាយ សំអាល់ អនុញ្ញាតឱ្យលោក Markus Lorenzini ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅរសៀលថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Markus Lorenzini ប្រធាន និងម្ចាស់ក្រុមហ៊ុន Siemens Limited ប្រចាំ ប្រទេសថៃ ប្រទេសភូមា និងព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក Markus Lorenzini បានជម្រាប ឯកឧត្តមរដ្ឋមន្ត្រីជ្រាបថាក្រុមហ៊ុនរបស់លោកផ្តល់នូវសេវាជាច្រើនដូចជា គ្រឿងអគ្គីសនី បច្ចេកទេសវិស្វកម្ម និងផលិតផល ការតុបតែង ការតម្លើងប្រព័ន្ធសំខាន់ៗ និងការកសាងគម្រោងធំទៅតាមសេចក្តីត្រូវការរបស់ប្រទេស។ ជាមួយគ្នានេះដែរក្រុមហ៊ុនបានផ្តល់ជាទីកន្លែងការងារ ការបង្កើនសមត្ថភាពទាក់ទងនឹងការផលិត ច្បាប់ និង បច្ចេកវិទ្យាទំនើប ។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Siemens និងបានជម្រាបជូនប្រតិភូថា ក្រសួងបរិស្ថានបានរៀបចំនាយកដ្ឋានវិទ្យាសាស្ត្រដើម្បីជួយការងារបច្ចេកវិទ្យាថ្មីៗ និងវិទ្យាសាស្ត្របរិស្ថាន និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងវិស័យបរិស្ថាន។ តែក្រសួងនូវខ្វះធនធានមនុស្ស និងសមត្ថភាពដើម្បីធ្វើការងារនេះ និងទាមទារឱ្យមានការបណ្តុះបណ្តាលបន្ថែម។
ឯកឧត្តមថាបានលើកផងដែរទាក់ទងនឹងការផ្គត់ផ្គង់ថាមពលអគ្គីសនី ជូនប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជានៅមានកម្រិត​ ដែលការផ្គត់ផ្គង់មួយផ្នែកតាមរយៈស្ថាប័នរដ្ឋ និងមួយផ្នែកទៀតដោយស្ថាប័នឯកជន ជាពិសេសនៅតាមខេត្តមួយចំនួន​និងជនបទ ហើយតម្លៃនៅមានកម្រិតខ្ពស់។ ជាមួយគ្នានេះដែលការកកស្ទះចរាចរណ៍គឺជាការប្រឈមនៅក្នុងក្រុងភ្នំពេញ ដែលអាចបង្កើនការបំពុលបរិស្ថាន ដែលគួរៀបចំឱ្យមាន Sky train នៅតាមទីប្រជុំជន ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថាន និងការកកស្ទះ ។ ជាងនេះទៀត ការគិតគូរការគ្រប់គ្រងសំរាម ជាពិសេសការរៀបចំឱ្យមានឡអគ្គីសនីដុតសំរាមខ្នាតតូច ដើម្បីកាត់បន្ថយបរិមាណសំណល់រឹង។ ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុន Siemens ​ពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ដោយផ្តោតលើការលើកឡើងខាងលើ។
លោកប្រធានក្រុមហ៊ុន Siemens បានរីករាយនូវការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងរីករាយក្នុងការសហការចូលរួម ការកសាងសមត្ថភាព ការកែសម្រួលដល់ការរៀបចំការសាងសង់ និងការអភិវឌ្ឍន៍ដើម្បីកាត់បន្ថយការបំពុលបរិស្ថានឱ្យបានជាអតិបរមា ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ដោយនិរន្តរភាព។