ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ ដើម្បីពិនិត្យអនុម័តលើការងារ និងដោះស្រាយបញ្ហាផ្សេងៗតាមមូលដ្ឋាន


ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពាង ណារិទ្ធអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធានច្រកចេញចូលតែមួយសាលាខេត្ត និងប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន។
របៀបវារៈក្នុងកិច្ចប្រជុំរួមមាន៖-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត, -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល១២ខែ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត -និងបញ្ហាផ្សេងៗ ។
នាឱកាសនោះ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងកំណត់ហេតុជូនអង្គប្រជុំដើម្បីពិនិត្យ ពិភាក្សា រួមគ្នារួចមក ត្រូវបានអនុម័តយល់ព្រម២៥លើ២៥សម្លេង។
ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។
ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។
ជាមួយគ្នានោះដែរ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន ត្រូវពង្រឹង អនុវត្ត គោលនយោបាយភូមិ ឃុំ សុវត្ថិភាព គ្រប់ទីកន្លែង និងបញ្ហាប្រឈម ក៍ដូចជាសំណើរផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយបានទាន់ពេលវេលា ជាពិសេសយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ៕