ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមដំណើរឆ្ពោះទៅមហាសន្និបាទអន្តរសភាអាស៊ាន (AIPA) លើកទី៤២ និងការទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាទអាយប៉ាលើកទី៤៣


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាសមាជិកក្រុមអាយប៉ាជាតិ-កម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមដំណើរឆ្ពោះទៅមហាសន្និបាទអន្តរសភាអាស៊ាន (AIPA) លើកទី៤២ និងការទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាទអាយប៉ាលើកទី៤៣ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ និងជាប្រធានក្រុមសភាជាតិ- អាយប៉ាកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ខណៈការពិភាក្សាផ្តោតលើការត្រៀមមូលបទសម្រាប់មហាសន្និបាទអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលកម្ពុជានឹងជាម្ចាស់ផ្ទះ ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចនូវមូលដ្ឋានមួយចំនួន ជាធាតុចូលក្នុងដំណើរការនៃការសិក្សា និងពិចារណាកំណត់នូវមូលបទ ដើម្បីធ្វើយ៉ាងណាឱ្យមូលបទដែលនឹងត្រូវបានជ្រើសរើស មានភាពសមស្របទៅនឹងបរិបទតំបន់ សេដ្ឋកិច្ច សង្គម និងនយោបាយ នាពេលបច្ចុប្បន្ន ក៏ដូចជាផ្សាភ្ជាប់ទៅនឹងព្រឹត្តិការណ៍ក្នុងឆ្នាំ២០២២ ដែលកម្ពុជានឹងជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានផងដែរ។
សូមជម្រាបជូនថា មហាសន្និបាទអាយប៉ាលើកទី៤២ គ្រោងនឹងប្រព្រឹត្តទៅនៅខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដោយប្រទេសព្រុយណេ ជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះ សម្រាប់មហាសន្និបាទអាយប៉ាលើកទី៤៣ ដែលកម្ពុជានឹងទទួលជាម្ចាស់ផ្ទះ គ្រោងនឹងរៀបចំឡើងនៅឆ្នាំ២០២២។