សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួម វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ


នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់១៥ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននេះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមជាមួយប្រមុខរដ្ឋាភិបាលដ៏ទៃទៀត ក្នុងកិច្ចប្រជុំតុមូលសម្រាប់ថ្នាក់ដឹកនាំដែលមានលោក ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនជាប្រធាន ហើយសម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំដែលមានមូលបទ “ថាមពលរួមនៃគោលនយោបាយដើម្បីភាពជិតស្និទ្ធ” និងក្នុងកិច្ចប្រជុំដែលមានមូលបទ “ពង្រឹងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន” ជាមួយគ្នានោះសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយបណ្តាមេដឹកនាំប្រទេសផ្សេងៗមួយចំនួនទៀត៕