សម្តេចភក្តី សាយ ឈុំ ដឹក​នាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា តាមប្រព័ន្ធ Online (Zoom)


(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online (Zoom) ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយ​មាន​របៀបវារៈដូចខាងក្រោម៖
១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញបញ្ជូនអគ្គីសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅ​កាន់ព្រំដែនកម្ពុជា-ថៃ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​លើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤។
២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គីសនី តង់ស្យុង៥០០គីឡូវ៉ុលពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤។
៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុនអគ្គីសនីវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ធានាលើការទិញថាមពលអគ្គីសនីពីប្រទេសវៀតណាម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤។
៤៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុន ឆាយណា ណេសិនណលហេវី ម៉ាស៊ីនណីរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គីសនីស្ទឹងតាតៃ លើអានុភាព ១៥០មេហ្គាវ៉ាត់ ខេត្តកោះកុង។
៥៖ កំណត់របៀបវារៈកាលបរិច្ឆេទ និងសមាសភាពលេខាធិការ សម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤។
អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បន្ទាប់ពីបានស្តាប់របាយការណ៍ ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤ ខាងលើ របស់ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងបានស្តាប់ការពិភាក្សាផ្តល់យោបល់ពីសមាជិកអង្គប្រជុំរួចមក… អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក៏បានអនុម័តជាឯកច្ឆ័ន្ធ យល់ព្រមតាមសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដាក់សេចក្តីព្រាងច្បាប់ទាំង៤ខាងលើ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ដោយមានរបៀបវារៈ៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៤ និងពិនិត្យ អោយយោបល់លើសេចក្តីព្រាងច្បាប់ ក្នុងរបៀបវារៈទី២, ទី៣, ទី៤។