សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ចប់អាណត្តិជួបសម្តែងការគួរសមនិងជម្រាបលា


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម វូ ក្វាង មិញ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវចប់អាណត្តិក្នុងពេលឆាប់ៗនេះ ជួបសម្តែងការគួរសម និងជម្រាបលា តាមតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។

ឯកឧត្តម វូ ក្វាង មិញ បានសូមអភ័យទោសសម្តេចប្រធានរដ្ឋសភា ដែលមិនបានចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចដោយផ្ទាល់នៅក្នុងឱកាស ត្រូវបញ្ចប់អាណត្តិការទូតនេះ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

ឯកឧត្តមបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនសម្តេចប្រធានរដ្ឋសភាដែលបានគាំទ្រ និងណែនាំចំពោះឯកឧត្តមជាប្រចាំរហូតមក នៅក្នុងការបំពេញបេសកកម្មការទូតរយៈពេល៣ឆ្នាំ នេះ ក្នុងការបម្រើដល់ផលប្រយោជន៍ និងកិច្ចសហ
ប្រតិបត្តិការប្រទេសទាំងពីរឱ្យទទួលបានជោគជ័យយ៉ាងធំធេង។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានអបអរសាទរយ៉ាងខ្លាំងក្លានូវលទ្ធផលយ៉ាងធំធេងកើតចេញពីជំនួបទ្វេភាគឺរវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម កាលពេលថ្មីៗនេះ នាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែគ្រប់ជ្រុងជ្រោយដល់ប្រទេសទាំងពីរ ពិសេសរវាងរដ្ឋសភានៃប្រទេសទាំងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តម នៅកម្ពុជា ដែលបាននាំមកនូវសមិទ្ធផលយ៉ាងច្រើនឥតគណនា ក្នុងការរួមចំណែកយ៉ាងសកម្ម ដល់ការលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងថែមទៀត។

សម្តេចបានកត់សម្គាល់ថា នៅក្នុងរយៈពេលជាង៣ឆ្នាំ នៃបេសកកម្មរបស់ឯកឧត្តមវូ ក្វាង មិញ ឯកឧត្តមបានរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាយ៉ាងច្រើន និងបានបន្តពូនជ្រុំ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី ទំហំពាណិជ្ជកម្មទ្វេភាគីនៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ។

សម្តេចប្រធានរដ្ឋសភា សម្តែងនូវមោទកភាពយ៉ាងក្រៃលែងដែលចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទាំងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿយ៉ាងមាំថា ទោះបីឯកឧត្តម បានបញ្ចប់អាណត្តិការទូតនៅកម្ពុជា ក៏នៅតែបន្តរួមចំណែក ថែរក្សា ពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងជាអ្នកជិតខាងល្អ របស់ប្រទេសទាំងពីរ ប្រជាជនទាំងពីរជានិច្ចតទៅ។

ជាការកត់សម្គាល់នៅឆ្នាំ២០២២ខាងមុខនេះ ចំណងមិត្តភាព កម្ពុជានិងវៀតណាម ឈានដល់ខួប៥៥ឆ្នាំ៕