ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ៧៥៥នាក់ នៅក្នុងឃុំស្ទឹងកាច់


ឯកឧត្តម អ៊ី ឈាន​ បានក្រើនរំលឹកទៅកាន់បងប្អូនប្រជាពលរដ្ឋ និងអតីតយុទ្ធមិត្ររបស់ឯកឧត្តម ឲ្យចងចាំនិង ថែរក្សាឲ្យគង់វង្សនូវសុខសន្តិភាព ដែលយើងទាំងអស់គ្នាកំពុងទទួលបានមកដល់ថ្ងៃនេះ។

ឯកឧត្តម អ៊ី ឈាន បានថ្លែងដូច្នេះក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវអ្នកតំណាងរាស្រ្ត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ៧៥៥នាក់ នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ។ ដោយឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា មុននឹងយើងទាំងអស់គ្នាទទួលបានសុខសន្តិភាពពេញលេញយេីងទាំងអស់គ្នាបានយកសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតទៅប្តូរវាមក ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងត្រូវបន្តគាំទ្រ និងថែរក្សាវាឲ្យនៅគង់វង្ស និងស្ថិតស្ថេរតទៅទៀត សម្រាប់ប្រទេសជាតិរបស់យើង បន្តការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនបន្ថែមដោយនិរន្តរ៍។

ក្រៅពីថ្លែងដូចនេះ ឯកឧត្តម អ៊ី ឈាន បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានសុខភាពល្អ និងដល់ថ្ងៃបោះឆ្នោតសូមកុំភ្លេចអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា កម្មវិធីពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយគិតថ្លៃ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន និងលោកជំទាវអ្នកតំណាងរាស្រ្ត បានរៀបចំឡើងតាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ដោយបានពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋសរុបប្រមាណជិត ៤ម៉ឺននាក់ ដោយមិនរើសអើង និងមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ។