ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្រ្តីដឹកនាំកិច្ចប្រជុំអំពីសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ខេត្តទាំង៨ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩(Delta) និងពិភាក្សាអំពីវឌ្ឍនភាពគម្រោងសាងសង់សួនច្បារ ប៉ោយប៉ែតតេជោឈ្នះឈ្នះ


(ក្រុងប៉ោយប៉ែត)៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ខេត្តទាំង៨ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩(Delta) និងពិភាក្សាអំពីវឌ្ឍនភាពគម្រោងសាងសង់ សួនច្បារ ប៉ោយប៉ែតតេជោឈ្នះឈ្នះ នៅសាលាក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ាន់ ខែមវឌ្ឍនា សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្រ្តី លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដីខេត្ត លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក-លោកស្រីអភិបាលរងក្រុងប៉ោយប៉ែត លោកនាយក-នាយករងរដ្ឋបាលក្រុង លោកប្រធានការិយាល័យសាធារណការ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្រុង លោកអធិការរងក្រុង លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកចៅសង្កាត់ផ្សារកណ្តាល និងចៅសង្កាត់ប៉ោយប៉ែត ព្រមទាំងមន្រ្តីពាក់ព័ន្ធនានា។
ដូចការបញ្ជាក់កាលពីខែឧសភាឆ្នាំ២០២០កន្លងទៅរបស់ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថារដ្ឋបាលក្រុងប៉ោយប៉ែត បានគ្រោងនឹងរៀបចំអភិវឌ្ឍន៍ដីចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត និងភូមិគីឡួលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានផ្ទៃក្រឡាប្រមាណ ៩,៦០០ ម៉ែត្រការេ ឱ្យប្រែក្លាយទៅជាសួនច្បារដ៏មានសោភ័ណភាពថ្មីមួយនៅក្នុងក្រុងប៉ោយប៉ែត ដើម្បីទុកជាសម្បត្តិសាធារណៈសម្រាប់លំអក្រុងប៉ោយប៉ែតផង និងជាកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋសាធារណជនហាត់ប្រាណលំហែកំសាន្តផង ដោយសួនច្បារថ្មីនេះនឹងប្រសិទ្ធនាមថា សួនច្បារ ប៉ោយប៉ែតតេជោឈ្នះឈ្នះ ។
គួររំលឹកផងដែរថា ទីតាំងគ្រោងនឹងរៀបចំអភិវឌ្ឍន៍ជាសួនច្បារនេះគឺជាដីចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ ដែលបងប្អូនប្រជាពលរដ្ឋបានសាងសង់សំណង់មិនរៀបរយ ធ្វើឱ្យបាត់បង់នូវ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពក្នុងក្រុងប៉ោយប៉ែតជាច្រើនឆ្នាំកន្លងមក ប៉ុន្តែដោយមានកិច្ចខិតខំប្រឹងប្រែងសហការរវាងក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលដឹកនាំផ្ទាល់ដោយ ឯកឧត្តម ប៉ាន់ខែម ប៉ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមាន ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឱ្យ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត មន្ទីរអង្គភាពពាក់ព័ន្ធ និង លោក យ៉ាង គឹម ហ៊ុយ សប្បុរជនគាំទ្រគម្រោង បានយកចិត្តទុកដាក់ខ្ពស់ និងបានខិតខំប្រឹងប្រែងព្យាយាមធ្វើការសម្របសម្រួលដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋជាង៥០គ្រួសារ ឱ្យទទួលយកដំណោះស្រាយដោយស្ម័គ្រចិត្ត និងព្រមធ្វើស្វ័យរុះរើសំណង់មិនស្របច្បាប់ចេញ ហើយរីករាយទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ដែលស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំនៅសាលាក្រុងប៉ោយប៉ែត ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពគ្រឿងចក្រកំពុងកៀរសំអាតទីតាំងដីគ្រោងរៀបចំសួនច្បារដោយផ្ទាល់។ បងប្អូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបានសម្តែងការសប្បាយរីករាយចូលរួមអបអរសាទរគម្រោងអភិវឌ្ឍន៍ សួនច្បារ ប៉ោយប៉ែតតេជោឈ្នះឈ្នះ ជាខ្លាំង ព្រោះម្រោងនេះនឹងជួយលើកម្ពស់សោភ័ណភាពក្រុងប៉ោយប៉ែតថែមមួយកម្រិតទៀត។ ជាពិសេស គម្រោងនេះបានចូលរួមលើកកម្ពស់សុខុមាលភាពសង្គម តាមរយៈការលំហែកំសាន្ត និងការធ្វើលំហាត់ប្រាណដើម្បីសុខភាពរបស់ពួកគាត់។ ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ព្រមជាមួយពាក្យថា៖ អរគុណសន្តិភាព គោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍន៍របស់ជាតិ និងប្រជាជនកម្ពុជា៕