ឯកឧត្ដម សាយ សំអាល់ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយនាយទាហាន និងពលទាហាននៃកងពលតូចថ្មើជើងលេខ៧០ឯកឧត្ដម សាយ សំអាល់ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយនាយទាហាន និងពលទាហាននៃកងពលតូចថ្មើជើងលេខ៧០


នៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៧​ ឯក​ឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបាន​អញ្ជើញ​ចូលរួម​ពិធីសំណេះសំណាលជាមួយនាយទាហាន​ នាយទាហានរង​ និងពលទាហាននៃកងពលតូចថ្មើជើងលេខ៧០​ នៅទីបញ្ជាការដ្ឋានកងពល ដើម្បីចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងបរិស្ថាន​ និងធនធានធម្មជាតិ​ ក៏ដូចជាការចងសម្ព័ន្ធមេត្រីភាពរវាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​ និងក្រុមយុវជនកងពលតូចថ្មើរជើងលេខ៧០​។​ បន្ទាប់ពីប្រសាសន៍ស្វាគមន៍ថ្លែងដោយឯកឧត្តមឧត្តមសេនីយឯក​ ម៉ៅ​ សុផាន់​ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០​ ឯកឧត្តម​ សាយ​ សំអាល់​ បានសម្តែងការកោតសរសើរដល់នាយទាហាន​ នាយទាហានរង​ និងពលទាហានទាំងអស់​ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចជូនជាតិ​ និងមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។​ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីនូវលទ្ធផលសំខាន់ៗនៃការធ្វើកំណែទម្រង់លើវិស័យបរិស្ថាន​ និងធនធានធម្មជាតិ​ ដោយផ្តោតលើការធ្វើទំនើបកម្មស្ថាប័ន​ ការពង្រឹកកិច្ចគាំពារបរិស្ថាន​ ការគ្រប់គ្រងធនធានធម្មជាតិ​ ការអភិរក្សជីវ:ចម្រុះ​ និងការអភិវឌ្ឍដោយចីរភាព។​ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការដោះស្រាយបញ្ហាដីធ្លី​ និងបទល្មើសធនធានធម្មជាតិ​ ជាពិសេសបទល្មើសព្រៃឈើ​ តាមរយ:ការបន្តអនុវត្តបទបញ្ជាលេខ០១​ និងការត្រួតពិនិត្យសម្បទានដីសេដ្ឋកិច្ច​ ការកែសម្រួលមុខងារស្ថាប័នទទួលបន្ទុកការងារអភិរក្ស​ និងអភិវឌ្ឍន៍រវាងក្រសួងបរិស្ថាន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងការផ្ទេរមុខងារ​ និងភារកិច្ចគ្រប់គ្រងសំណល់រឹងរាវ​ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ដែលជាលទ្ធផលបានជួយដល់ការលើកកម្ពស់ប្រសិទ្ធភាពគាំពារបរិស្ថាន​ និងការទប់ស្កាត់និងលុបបំបាត់បទល្មើសធនធានធម្មជាតិ​ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។