ឯកឧត្តម ម៉ៅ ធនិន បើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតទ្រង់ទ្រាយធំ នៅសង្កាត់ផ្ទះព្រៃ មានសមាជិកចូលរួមជាង២ពាន់នាក់


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់ផ្ទះព្រៃ ដែលជាសង្កាត់ធំជាងគេ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខ ដោយមានសមាជិកសមាជិកាចូលរួមជាង២ពាន់នាក់។

ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតនាព្រឹកនេះ ឯកឧត្តម ម៉ៅ ធនិន បានថ្លែងប្រាប់ប្រជាជនថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាបានការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅ មានហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់គ្រប់គ្រាន់ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលារៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន។

ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ធនិន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដែលសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ៕