ក្រសួងអប់រំនឹងដាក់សម្ពោធឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School» នាវិទ្យាស្ថានជាតិអប់រំ នៅព្រឹកស្អែក


ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់សម្ពោធឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School» នាវិទ្យាស្ថានជាតិអប់រំ (NIE) នៅព្រឹកស្អែក ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញជាអធិបតីភាព ក្នុងពីធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School» នាវិទ្យាស្ថានជាតិអប់រំ (NIE) នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ស្អែកនេះ តាមរយៈប្រព័ន្ធ ZOOM និងមានការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក Wiki School Page ចាប់ពីម៉ោង ៨ : ៣០ ដល់ម៉ោង ៩ : ០០ ព្រឹក តាមរយៈ https://www.facebook.com/wikischool.asia។

ក្រុមហ៊ុនផុស្ការ ឌីជីថល ឯ.ក (Poscar Digital) ដែលជាក្រុមហ៊ុនរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល «Wiki School »បាន ឧបត្ថម្ភការប្រើប្រាស់ និងរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល Wiki School Standard Edition (Annex 1) Licence រយៈពេល៧ឆ្នាំ និងម៉ាស៊ីនវត្តមានឌីជីថល ចំនួន៤គ្រឿង ដល់វិទ្យាស្ថានជាតិអប់រំ ដោយមិនគិតថ្លៃ ក្នុងគោលបំណងលើកកម្ពស់ អភិបាលកិច្ច និងការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិកក្នុងវិទ្យាស្ថានជាតិអប់រំ ជាពិសេសគឺការរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថល។

លោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Digital បានឱ្យដឹងថា «Wiki School» ត្រូវបានអភិវឌ្ឍដោយក្រុមបច្ចេកទេស សុទ្ធតែជាបញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធន៍ជិត ២០ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាទំនើប ហើយ គោលបំណងនៃការបង្កើត ប្រព័ន្ធនេះឡើង គឺជួយដល់សាលារៀន ឱ្យគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័យ កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយជំនួយពី Mobile App Wiki School។

លោកបន្ថែមថា ក្រុមហ៊ុន Poscar Digital បានសហការរៀបចំប្រព័ន្ធ «Wiki School» និងឧបករណ៍វត្តមានឌីជីថល នៅទីស្តីការក្រសួង អប់រំ យុវជន និងកីឡា សាលាភូមិន្ទរដ្ឋបាល សាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារាជធានីភ្នំពេញ ក្រសួងព័ត៌មាន និង សាលាឯកជនទៀតជាច្រើនផងដែរ។

សព្វថ្ងៃក្រុមហ៊ុន កំពុងសហការជាមួយក្រសួងអប់រំ ក្នុងការផ្តល់មធ្យោបាយសិក្សាពីចម្ងាយ សម្រាប់ថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ ហើយក្រុមហ៊ុនកំពុងធ្វើការជួយដល់ថ្នាក់ឧត្តមសិក្សាថែមទៀត៕