ម្ចាស់ក្សត្រីយ៍ថៃគ្រោងនឹងទស្សនកិច្ច ៣ថ្ងៃនៅកម្ពុជា


Thai Princes 16 02 16 copy

     ម្ចាស់​ក្សត្រីយ៍​​នៃ​ប្រទេស​ថៃ គ្រោង​នឹង​យាង​មក​​បំពេញ​ព្រះ​រាជ​ទស្សន​កិច្ច​ចំនួន ៣ថ្ងៃ នៅក​ម្ពុជា នា​សប្តាហ៍​ក្រោយ​នេះ ។

     យោង​តាម​ក្រសួង​ការ​បរទេស​កម្ពុជា ព្រះ​រាជ​ដំណើរ​ទស្សន​កិច្ច​របស់​ ព្រះ​អង្គ​ម្ចាស់​ក្សត្រី​មហា​ចក្រី​ សិរិន ថន នឹង​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​កុម្ភ: ឆ្នាំ ២០១៦ ។ ព្រះ​រាជ​ដំណើរ​ទស្សន​កិច្ច​របស់​ម្ចាស់​ក្សត្រី​ថៃ បាន​ធ្វើ​តាម​រយៈ​ការ​អញ្ជើញ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។

     យោង​តាម​កម្ម​វិធី ម្ចាស់​ក្សត្រីយ៍​នឹង​យាង​បង្គំ​គាល់​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង​យាង​ជួប​ជា​មួយ សម្តេចតេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ សម្តេច​តេជោ​សែន និង ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ សារិន​ថន នឹង​ធ្វើ​ជា​អធិបតី​ភាព​ក្នុង​ព្រះ​រាជ​ពិធី​បញ្ចុះ​បឋម​សីលា​សាង​សង់​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កំពង់​ស្ពឺ នៅ​ខេត្ត​កំពង់​ស្ពឺ ។

     ក្នុង​ព្រះ​រាជ​ទស្សន​កិច្ច ៣ថ្ងៃ នៅ​កម្ពុជា​ផង​ដែរ ម្ចាស់​ក្សត្រី​ប្រទេស​ថៃ និង​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​កម្ពុជា ឯឧត្តម​ ហង់ ជួន​ណា​រ៉ុន នឹង​ចូល​រួម​ធ្វើ​ជា​អធិបតី ក្នុង​ព្រះ​រាជ​ពិធី​ប្រគល់​អគារ​ប្រើ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កំពង់​ឈើ​ទាល នៅ​ខេត្ត​កំពង់ធំ​ ។

     ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​មហា​ចក្រី សិរិន​ថន នឹង​យាង​ចូល​ក្នុង​ព្រះ​រាជ​ពិធី​សម្ភាធ​មណ្ឌល​សុខ​ភាព នៅ​ខេត្ត​រតន​គិរី និង​យាង​ទត​សាលា​បឋម​សិក្សា​មួយ​ចំនួន​ទៀត នៅ​តាម​ខេត្ត​នានា​ផង​ដែរ ៕