បទសម្ភាសន៍រវាងឯកឧត្តម សុខ ឥសាន និងវិទ្យុVOA អំពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់


លោក សុខ ខេមរា តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ គណបក្សប្រជាជនកម្ពុជាទទួល យកបានទេ ហើយតួលេខចេញមកជាលទ្ធផលបឋមៗក្រៅផ្លូវការ នឹងលោកអាចបញ្ជាក់បានទេថាបានប៉ុន្មាន ហើយមានកម្រិតយ៉ាងណា មានភាគរយយ៉ាងណាដែរ?

ឯកឧត្តម សុខ ឥសាន សូមជម្រាបការបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧កន្លងមកនេះគឺប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសចំនួន៨៥%ជាងបានចេញទៅបោះឆ្នោត យ៉ាងស្រសាក់ស្រស្រាំ នៅក្នុងថ្ងៃនោះហើយសម្លេងឆ្នោតក្រៅផ្លូវការ ដែលយើងខ្ញុំដកស្រង់បានចេញសន្លឹកឆ្នោតដែលបានព័ត៌មានពីបណ្ដាលមូលដ្ឋានឃុំ-សង្កាត់ ទូទាំងប្រទេសមកមានដូចតទៅ៖គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ៣.៥២៩,៤០០ (បីលានប្រាំសែនពីរម៉ឺនប្រាំ បួន​ពាន់បួនរយ)សម្លេង ស្មើនឹង៥១,៣៩% ចំណែកគណបក្សសង្គ្រោះជាតិបានទទួលបាន ៣,០៣៧.០៥៣ (បីលានសូន្យសែនបីម៉ឺនសូន្យរយហាសិបបី)សម្លេង ស្មើនឹង៤៤,២២% ផ្អែកទៅតាមសម្លេងទាំងអស់នៅឃើញថា គណបក្សប្រជាជន បាននាំមុខ នៅមេឃុំចំនួន១១៥៨ឃុំ ដែលត្រូវនឹង ៧០,៣៦% ចំណែកឯគណបក្សសង្គ្រោះជាតិ ទទួលបាន៤៨៧មេឃុំ ស្មើនឹង២៩,៥៦% ។

លោក សុខ ខេមរា តើនៅពេលនេះគណបក្សប្រជាជនកម្ពុជាអាចថាមកដល់ពេលនេះជាជោគជ័យ ឬការដែលចាញ់ឬមួយយ៉ាងណាដែរ ព្រោះថាមានការលើកឡើងតាមប្រព័ន្ធថាមានភាពខុសច្រើន?

ឯកឧត្តម សុខ ឥសាន អានឹងជាការគេងចំនេញខាងនយោបាយទេ ត្រង់គណបក្សណានិយាយយ៉ាងម៉េច បញ្ហាសំខាន់គឺតួលេខច្បាស់លាស់ដែលគិតតាមរូបមន្ដដែលមានចែងនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោតឃុំ-សង្កាត់ ចឹងទោះបីថា ភាគីខាងណា មជ្ឈដ្ឋានណា យកតួលេខនឹងមក រូបមន្ដដែលគិតតាមគោលការណ៍ច្បាប់នេះមិនអាចដូរតួលេខនេះបានទេ ហើយខ្ញុំគិតថាគជបក៏គិតឃើញតូលេខនេះដែរ ប៉ុន្ដែវាអាស្រ័យទៅតាមនីតិវិធី ​ដែលមានចែងនៅក្នុងច្បាប់ ចាំបាច់គជបត្រូវតែរងចាំពេលវេលាជាកំណត់មួយដើម្បីដោះស្រាយរាល់បណ្ដឹងតវ៉ាដែលមាន ៦៧បណ្ដឹង នៅពេលបោះឆ្នោតនេះ ដល់ពេលចប់ដោះស្រាយបណ្ដឹងហើយ គជប លោកនឹងប្រកាសលទ្ធផលជូនសាធារណៈជនមេត្តាជ្រាប ហើយខ្ញុំយល់ថាលទ្ធផលដែលខ្ញុំបានជម្រាបជូនមុននឹងគឺថាគណបក្សទាំងពីរដែលមាន​អាសនៈនៅក្នុងរដ្ឋសភា សុទ្ធតែទទួលឈ្នះទាំងអស់គ្នា គ្រាន់តែគណបក្សប្រជាជនឈ្នះលើសគេ ហើយគណបក្សសង្គ្រោះជាតិឈ្នះទាបជាងគណបក្សប្រជាជនតែប៉ុណ្ណោះ។ អានេះមិនអាចប្រកែកបានទេ តួលេខបានបញ្ជាក់ច្បាស់ហើយ ដូចជានៅក្នុងតួលេខនេះគឺថាបានសម្លេងសរុបនឹង៣,៥២៩.៤០០សម្លេង ហើយនឹងគណបក្សសង្គ្រោះជាតិ ៣,០៣៧.០៥៣ សម្លេង ចឹងយើងមានសម្លេងខ្ពស់ជាង៥សែនសម្លេង ក៏ប៉ុន្ដែបើប្រៀបធៀបកាលពីឆ្នាំ២០១៣ គណបក្សប្រជាជនលើស៣សែនសម្លេង គណបក្សសង្គ្រោះជាតិលើសកាលពីឆ្នាំ២០១៣ឆ្នាំ៩ម៉ឺនសម្លេងទេ ចឹងវាមានសន្ទុះវាខុសគ្នា ចឹងយើងចាត់ទុកថាយើងមានមោទនាភាពអីទេ ក៏ប៉ុន្ដែផ្អែកទៅលើតួលេខនេះយើងដឹងថាគណបក្សប្រជាជនឈ្នះគណបក្សសង្គ្រោះជាតិ ហើយគណបក្សសង្គ្រោះជាតិក៏ឈ្នះដែរ គ្រាន់តែឈ្នះតិច ឈ្នះច្រើនជាងគ្នាតែប៉ុន្នឹង។

លោក សុខ ខេមរា ចឹងលទ្ធផលនេះទាំងគណបក្ស      សង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាអាចនឹងទទួលយកបានទេ?

ឯកឧត្តម សុខ ឥសាន ខ្ញុំយល់ថាជំហរគណបក្សប្រជាជនកម្ពុជាតាំងពីដើមមកធ្វើវិសោធកម្មធម្មនុញ្ញ ដែលយើងរៀបចំសមាសភាព គណកម្មការជាតិរៀបចំការបោះឆ្នោត គឺយើងទុកចិត្តទាំងស្រុងទៅលើនីតិវិធីនៃការងាររបស់គជប ចឹងទេរាល់បញ្ហារបស់គជបអនុវត្តតាមនីតិវិធី ក្រមសីល ក៏ដូចជាគោលការណ៍ផ្សេងៗគណបក្សប្រជាជនឯកភាព នឹងគាំទ្រដំណើរការនេះ ចឹងមិនមែនអាស្រ័យទៅលើផ្អែកគណបក្សប្រជាជនកម្ពុជាតែមួយទេ។ យើងជឿថាអ្នកសង្កេតការណ៍ ភ្នាក់ងារគណបក្សនយោបាយ ដែលបានចូលតាមសង្កេតការណ៍ដំណើរការបោះឆ្នោតនេះ រហូតជាងទៅ១០ម៉ឺននាក់ ហើយសុទ្ធតែបានវាយតម្លៃ ឯកភាពថា ដំណើរការបោះឆ្នោតទៅតាមលទ្ធិប្រជាធិបតេយ្យនិងសេរី និងយុត្តិធម៌ ក្នុងបរិយាកាស មួយដែលមានសន្ដិភាព ហើយនឹងគ្មានអំពើហិង្សា ដែលគួរអោយចាប់អារម្មណ៍នោះទេ មានរឿងកំប៉េកកំប៉ុកបន្ដិចបន្ដួច យើងថាអានេះវាជាសកម្មភាពអសកម្ម ដែលតែងកើតមានឡើងដែលជៀសមិនរួច វាមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតទេ។

លោក សុខ ខេមរា បាទនៅពេលនេះគណបក្សប្រជាជនកម្ពុជា ទោះបីបាននាំមុខមែនប៉ុន្ដែមានថយសម្លេងខ្លះថាតើមេឃុំដែលមិនបានជាប់ឆ្នោតនោះតើពួកគាត់នឹងទៅនៅកន្លែងណា?

ឯកឧត្តម សុខ ឥសាន យើងចាត់ទុកថាការឡើងចុះទៅតាមតំបន់នីមួយៗជាការចាញ់សមូហភូមិទេ​មិនមែនចាញ់សង្គ្រាមទេ ចឹងជារួមយើងឈ្នះសង្គ្រាមទាំងមូលក៏ប៉ុន្ដែក្នុងការឈ្នះសង្គ្រាមនឹងក៏មានការចាញ់សមូហភូមិ មួយពីរដូច្នោះយើងមិនគិតពីបញ្ហានឹងទេ នេះវាជាសត្យានុម័ត ដូចជាយើងការពារខ្សែរក្រវ៉ាត់នៅទីលានប្រដាល់ចឹង ទោះបីជាយើងប្រកែរយ៉ាងណាក៏ដោយ ក៏ជាជៀសមិនរួចពីគេដណ្ដើមខ្សែក្រវ៉ាត់ដែរ ។​

លោក សុខ ខេមរា តើលោកយល់យ៉ាងចំពោះការឈ្នះរបស់គណបក្សសង្គ្រោះជាតិនៅតំបន់សេដ្ឋកិច្ចវាជាការល្អមួយសម្រាប់ទៅឈានទៅរកការបោះឆ្នោតខាងមុខនេះ?

ឯកឧត្តម សុខ ឥសាន វាជាតួលេខ ឬកំនើននៃសន្ទុះនៃការគាំទ្រ ព្រោះប្រជាពលរដ្ឋធ្វើអោយមានសុទិដ្ឋិនិយម សង្ឃឹមជឿជាក់ថានៅឆ្នាំ២០១៨ ប្រាកដទទួលបានជ័យជំនះទាំងស្រុង អាចមានការកើនឡើងខ្ពស់ទៅទៀត។

លោក សុខ ខេមរា តើការផ្ទេរអំណាចឬក៏ទំលាក់ថវិកាស្មើភាពគ្នាទេ?

ឯកឧត្តម សុខ ឥសាន បញ្ហាសំខាន់គឺយើងគោរពលទ្ធផលបោះឆ្នោត ពេលណាគោរពលទ្ធផលបោះឆ្នោត ពីក្រោយគជប បានប្រកាសជាផ្លូវការ ជាលទ្ធផលនេះហើយ យើងធ្វើទៅតាមនីតិវិធីដែលបានចែង នៅក្នុងរដ្ឋធម្មនុញ្ញ របស់ក៏ដូចជាច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយនីតិវិធីនៃការផ្ទេរតំណាងនេះអាស្រ័យទៅលើក្រសួងមហាផ្ទៃចាត់តាំងអនុវត្តស្របទៅតាមគោលការណ៍ច្បាប់។

លោក សុខ ខេមរា តើនៅប៉ុន្មានកន្លែងទៀតដែលមិនទាន់បានទទួលទិន្និន័យឬមួយគណបក្សប្រជាជនកម្ពុជាទទួលបានហើយ?

ឯកឧត្តម សុខ ឥសាន ជាការពិតហើយ បើមិនទទួលបានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសទេ យើងមិនអាចបូកសរុបលទ្ធផលរួមទូទាំងប្រទេសបានទេ ចឹងយើងទទួលបានតាំងពីយប់មិញមេស។

លោក សុខ ខេមរា តើមានការរើសអើងយ៉ាងណាពីគណបក្សនយោបាយនីមួយៗឬមួយមានការអំពាវនាវចំពោះការធ្វើការនៅក្នុងភូមិ-ឃុំ ក្ដីដែលប្រជាពលរដ្ឋមានការប្រកាន់និន្នាការផ្សេងៗគ្នា? ?

ឯកឧត្តម សុខ ឥសាន តាមលទ្ធផលបោះឆ្នោតយើងឃើញថាមានមេឃុំ៤៨៧មកពីគណបក្សសង្គ្រោះជាតិ យើងគ្មានអ្វីក្រៅពីអនុវត្តទៅតាមគោលការច្បាប់ទេ ទោះបីថិតនៅក្រោមដំបូលរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាក៏ដោយ គឺយើងមិនមានការរើសអើងទេ គឺយើងអនុវត្តទៅតាមច្បាប់ស្ដីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ឃុំ-សង្កាត់ ហើយយើងអនុវត្តទៅតាមគោលការណ៍ គោលនយោបាយវិសមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលយើងបានអនុវត្តមិនត្រឹមតែគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះទេ គឺយើងមានច្បាប់គោលសម្រាប់អនុវត្ត។ ដូច្នោះគ្មានប្រការណាមួយដែលយើង ចោទប្រកាន់ថាយើងរើសអើងគណបក្សនយោបាយទេ ទោះបីមេឃុំឬជំទប់ឃុំមកពីគណបក្សណាក៏ដោយ ក៏ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហផ្ទៃដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាដែរ។

លោក សុខ ខេមរា តើនៅពេលនេះលោកអាចចាត់ទុកថា តំណែងព្រឹទ្ធសភា បានមកគណបក្សប្រជាជនច្រើនជា ឬបានទៅគណបក្សសង្គ្រោះជាតិច្រើនជាង ឬបែរប្រួលយ៉ាងណាដែរ?

ឯកឧត្តម សុខ ឥសាន យើង បើផ្អែកទៅលើរូបមន្ដទៅតាមសម្លេងឆ្នោត២០១៧គឺយើងមានជំនឿជឿជាក់ថា ក្នុងបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភាខាងមុខនេះគណបក្សប្រជាជននៅតែនាំមុខ ចំនួនច្រើនជាគណបក្សសង្គ្រោះជាតិ ហើយលើសពី ៥០+១ យើងអាចដំណើរការព្រឹទ្ធសភាបានដោយរលូន មិនមានការរាំងស្ទះអីទេ ព្រោះកន្លងទៅនេះយើងឃើញហើយអ្នកនយោបាយ ឬមជ្ឈដ្ឋានគណបក្សប្រឆាំងលោកតែងលើកឡើងដើម្បីដណ្ដើមជ័យជំនះ ៧៥% នៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ នេះដើម្បីធ្វើយ៉ាងណាអោយមានឧបសគ្គនៅស្ថានប័នព្រឹទ្ធសភា ព្រោះយើងដឹងការអនុម័តច្បាប់ទាំងឡាយណាដែលរដ្ឋសភាអនុម័តហើយត្រូវបញ្ជូនទៅព្រឹទ្ធសភាពិនិត្យអោយបានគ្រប់ជ្រុងជ្រោយថែមទៀត ប្រសិនណាព្រឹទ្ធសភាមានសមាសភាពគណបក្សប្រឆាំងច្រើនជាងយើងមានឧបសគ្គហើយ យើងមិនអាចអនុវត្តនៃការអនុម័តច្បាប់រហូតដល់ថ្វាយសេចក្ដីព្រៀងច្បាប់ ឬសេចក្ដីស្នើរច្បាប់ទៅដល់ព្រះមហាក្សត្របានដើម្បីទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រម ប្រកាសអោយប្រើប្រាស់ជាស្ថាពរលើច្បាប់នោះបានទេ ម៉្យាងទៀតនៅពេលព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រគឺប្រធានព្រឹទ្ធសភា ដែលមកពីគណបក្សប្រឆាំងនឹងប្រាកដជាងឡើង កាន់តំណែងទៅតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ជាប្រមុខរដ្ឋស្ដីទី ចឹងប្រមុខរដ្ឋស្ដីទី​ មានរាជសិទ្ធិខ្លាំងគឺជំនួសអោយ ព្រះបរមនាមព្រះមហាក្សត្រក្នុងការតែងតាំង ឬចេញព្រះរាជក្រឹត្យអីផ្សេងៗ ។

លោក សុខ ខេមរា ប្រហែលជាប្រជាពលរដ្ឋមួយចំនួនប្រជាគិតថាពិតជាមានរើសអើង តើលោកគិតយ៉ាងណាចំពោះរឿងនេះ?

ឯកឧត្តម សុខ  ឥសាន មិនយល់ស្រប ឬយល់ស្របនេះ វាអាស្រ័យទៅលើការគិតឃើញរបស់បុគ្គលម្នាក់ៗទេក៏ប៉ុន្ដែដែលខ្ញុំអះអាងថាគណបក្សប្រជាជនមិនមានការរើសអើង គឺយើងអនុវត្តន៍តាមគោលការច្បាប់តែប៉ុណ្ណោះ។ នីតិវិធីដែលមានចែងប៉ុន្មាន គណបក្សប្រជាជនកម្ពុជាមានរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ចាំបាច់ត្រូវតែអនុវត្តមិនអោយមានការរអាក់រអួលក្នុងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។

លោក សុខ ខេមរាអង្គការសង្គមស៊ីវិលខ្លះ យល់ឃើញថាមានការបិទទ្វារមិនអោយចូលមើល មានការគំរាមគំហែងខ្លះចឹងតើលោកយល់យ៉ាងណាដែរ?

ឯកឧត្តម សុខ  ឥសាន ខ្ញុំយល់ថាការថ្នឹងថ្នាក់លើកឡើងនូវចំណុចថាមានការិយាល័យបិទទ្វារមិនអោយអ្នកសង្កេតការណ៍នេះវាជាការវាយតម្លៃប្រកបដោយការលំអៀងខាងនយោបាយ គាត់មិនត្រូវផ្អែកទៅលើតួនាទីរបស់គាត់ទាំងស្រុងគ្របដណ្ដប់ទៅស្ថានប័នគជបដែលគេចាត់ចែងនោះទេ គោលការណ៍នៃនីតិ និងក្រមសីលធម៌របស់គជប ដែលជាអាជ្ញាកណ្ដាល ហើយមានសមត្ថកិច្ចមានភារកិច្ចគ្រប់គ្រាន់ក្នុងការបោះឆ្នោត មិនត្រូវល្មើសនឹងគោលការណ៍ នីតិវិធី ក្រមសីលធម៌ របស់គជប ព្រោះគាត់គ្រាន់តែជាអង្គការក្រៅរដ្ឋាភិបាល អង្គការក្រៅសង្គមស៊ីវិលតែប៉ុណ្ណោះ ហើយគាត់គ្រាន់តែអ្នកសង្កេតការណ៍ មានអត្ថិភាពអ្វីទៅរំលោភលើនីតិវិធី គោលការណ៍គជបទេ ចឹងការវាយតម្លៃនេះមិនត្រឹមត្រូវទេ ហើយម៉្យាងទៀតការវាយតម្លៃនេះហាក់ដូចជាប្រឆាំងទៅនឹងគោលការណ៍ក៏ដូចជាជំហររបស់អ្នកសង្កេតការណ៍ជាង១០ម៉ឺននាក់ សង្កេតការណ៍គ្រប់មជ្ឈដ្ឋានទាំងអស់ មានទាំងភ្នាក់ងារ គណបក្សនយោបាយដែលប្រកួតប្រជែង អ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្ដរជាតិ និងកម្លាំងអង្គទូតនានាដែលប្រចាំនៅប្រទេសកម្ពុជា ហើយជាពិសេសមានអ្នកសង្កេតការណ៍អ្នកអន្ដរជាតិ ដែលមានចំនួន៣០ក្រុមធំៗរបស់អន្ដរជាតិ អន្ដរជាតិបានវាយតម្លៃហើយថា គេមកគេពិនិត្យឃើញជាក់ស្ដែងនឹងភ្នែកហើយ វាផ្ទុយពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលនៅក្នុងប្រទេសកម្ពុជា ដែលមានទស្សនៈលំអៀងនេះពិតជាគួរសោកស្ដាយជាពន់ពេក។

លោក សុខ ខេមរា តើគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ អាចនឹងជួបគ្នាដើម្បីធ្វើការជាមួយគ្នា​ឬក៏រឿងនេះអាស្រ័យលើក្រសួងមហាផ្ទៃ?

ឯកឧត្តម សុខ  ឥសាន ដូចអត់ចាំ បាច់អី ត្រូវជួបជុំគ្នារវាងគណបក្សនយោបាយនឹងគណបក្សនយោបាយទេ ព្រោះវាផុតពីដៃគណបក្សនយោ បាយហើយ ពេលណាដែលមានការជាប់ឆ្នោតនោះ អានឹងតែការចាត់តាំងការអនុវត្តន៦របស់ក្រសួងមហាផ្ទៃដែលតំណាងអោយរាជរដ្ឋាភិបាលក្នុងចាត់ចែងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសឃុំ-សង្កាត់ មានតែតំណាងក្រសួងមហាផ្ទៃ ចុះទៅធ្វើពិធីអោយឱឡារឹកអោយប្រជាពលរដ្ឋទទួលស្គាល់សមាសភាពដែលជាប់ឆ្នោតនោះជាផ្លូវការហើយធ្វើតាមគោលការណ៍នីតិវិធីច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលដឹងតួនាទីភារកិច្ចសិទ្ធិអំណាចអនុវត្តតែម្ដង ហើយក្នុងពេលដែលផ្ទេរដំណែងយើងមានអ្នកសង្កេតការណ៍ ហើយអ្នកដែលជាសាក្សីនឹងមានគណៈអភិបាលខេត្ត អភិបាលស្រុកចឹងទៅជាសក្សី យើងជាការរំលឹកដាស់តឿនរបស់ក្រសួងមហាផ្ទៃយើងស៊ីចង្វាក់គ្នាតាមឋានុក្រមដែលចែងតាំងពីថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ-សង្កាត់នឹងឯង។

លោក សុខ ខេមរា តើពេលគណបក្សសង្គ្រោះជាតិទទួលបានសម្លេងច្រើនជាងអាសនៈចឹង វាជាព្រួយបារម្មណ៍មួយទេ?

ឯកឧត្តម សុខ  ឥសាន ខ្ញុំមិនជឿថាមានការរង្គោះរង្គើអីទេ នេះវាជាបទពិសោធន៍នៃការអនុវត្តន៍លទ្ធប្រជាធិបតេយ្យ សេរីពហុបក្សដែលធ្វើអោយកម្ពុជានៅក្មេងខ្ចីខាងការអនុវត្តន៍ រៀនសូត្រជាបណ្ដើរ ដកពិសោធន៍ជាបណ្ដើរ ជាជំហានៗ យើងនឹងប្រែក្លាយយើងជាចាស់ទុំខាងនយោបាយ យើងមានការស៊ាំនឹងធ្វើការជាមួយគ្នាចំរុះគណបក្ស។

លោក សុខ ខេមរា តើរឿងប្រើវោហ៌ាសព្ទច្រើនក្នុងពេលឃោសនា របស់គណបក្សអាចមានការបែងចែក រវាងប្រជាពលរដ្ឋនឹងពលរដ្ឋទេដោយសារការប្រកាន់និន្នាការនយោបាយ?

ឯកឧត្តម សុខ  ឥសាន ដូចខ្ញុំបានជម្រាបខាងដើមចឹងទោះបី នៅកម្ពុជានៅក្មេងខ្ចីក៏ដោយ ក៏ឆ្លងកាត់ការអនុវត្តការបោះឆ្នោតថ្នាក់ជាតិរហូតទៅដល់៥ដងឈានចូល៦ដងរួចទៅហើយ ហើយនឹងការបោះឆ្នោតថ្នាក់ក្រោមជាតិរហូតលើកទី៤ហើយ ចឹងបញ្ហាទាំងនោះវាសុទ្ធតែបង្រៀន ក៏ដូចជាបទពិសោធន៍ផ្សេងៗដល់ប្រជាពលរដ្ឋកម្ពុជា ទោះបីជាមាននិន្នាការនយោបាយខុសៗគ្នា យ៉ាងណាក៏ដោយ ក៏រស់នៅសុខុមដុមរមនាកម្មជាមួយគ្នាក្នុងសង្គមកម្ពុជា ពីមុនដំបូងឡើយមានអំពើហិង្សាច្រើនណាស់ ទាំងនៅក្នុងក្រុមគ្រួសារ នៅក្នុងសង្គម សហគមន៍ ក៏ដូចជានៅក្នុងគណបក្សនយោបាយ គឺមានការរើសអើងនយោបាយខ្លាំងណាស់ លូវនេះដោយសារតែលទ្ធប្រជាធិបតេយ្យនៅកម្ពុជាក្មេងខ្ចីនេះវាបានជ្រោរជ្រាបបណ្ដើរ វាជាជំហានដែលមានក្នុងសតិអារម្មណ៍ មិនមែនសកម្មជនគណបក្សនយោបាយទេ លូវយើងឃើញមានការប្រែប្រួលធំដែលធ្វើអោយអន្ដរជាតិ​ គេមានការវាយតម្លៃខ្ពស់ថាលទ្ធប្រជាធិបតេយ្យសេរីពហុបក្សកាន់តែចាក់ជ្រៅក្នុងសង្គមកម្ពុជា ជាពិសេសសតិអារម្មណ៍របស់គណបក្សនយោបាយ​ ក៏ដូចជាប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតផងដែរ។ ចឹងទេបានជាយើងឃើញថាសភាពការថ្មីដែលកើតឡើងក្នុងយុទ្ធការណ៍ក្នុងការឃោសនាបោះឆ្នោត មិនមែនអំពើហិង្សា មិនមែនការរើសអើងខ្លាំងក្លារហូតទៅមានអំពើហិង្សាដូចបណ្ដាលប្រទេសដែលយើងបានជួបប្រទះទេ ប្រទេសខ្លះនឹងពេលបោះឆ្នោតហើយមានស្លាប់រាប់រយ រាប់សិបនាក់ក៏មានដែរ កម្ពុជាយើងការបន្ថយបាន មិនមែនមានការចាប់បង្ខំ ឬមួយក៏សម្លត់ដោយវិធីណាទេ ការដែលភ្ញាក់រលឹករបស់ប្រជាជនក្នុងលទ្ធប្រជាធិបតេយ្យសេរីពហុបក្ស ចឹងសតិអារម្មណ៍ប្រជាជន គឺជាការចាស់ទុំខាងនយោបាយហើយ។

លោក សុខ ខេមរា តើលោកមានសារអ្វីទៅកាន់អ្នកបានបោះឆ្នោតទេ?

ឯកឧត្តម សុខ  ឥសាន ខ្ញុំយល់ថាប្រទេសយើងអនុវត្តន៍តាមស្មារតីនៃកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីស ប្រទេសកម្ពុជាយើងចាប់អនុវត្តពីឆ្នាំ៩៣មក ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ដ៏ត្រជាក់រប​ស់ព្រះមហាក្សត្រតែមួយ ក្រោមឆ័ត្រនៃសន្តិភាពដែលរកបានដ៏កម្រនេះ ចឹងទេ ជាការអំពាវនាវ ខ្ញុំយល់ថា សូមអោយប្រជាពលរដ្ឋយើងរៀនសូត្រ ហើយសិក្សាស្រាវជ្រាវ ចំពោះលទ្ធប្រជាធិបតេយ្យ សេរីពហុបក្សនេះ នេះហើយជាការជំរះបាននូវសតិអារម្មណ៍រើសអើងគណបក្សនយោបាយ រើសអើងវណ្ណក្នុងសង្គម ជាមួយជាតិសាសន៍ដទៃ ចំពោះគណបក្សប្រជាជនដែលបានដើរនាំមុខគេហូតនេះគឺខ្ញុំជឿជាក់ថាតទៅថ្ងៃខាងមុខទៀត គណបក្សប្រជាជននៅតែបន្ដការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ខ្ញុំយល់ឃើញថា គោលនយោបាយដ៏ត្រឹមត្រូវផ្សារភ្ជាប់នឹងផលប្រយោជន៍ជាតិ និងប្រជាជន ហើយទី២បងប្អូនប្រជាពលរដ្ឋនឹងឃើញច្បាស់នៅស្នាដៃរបស់គណបក្សប្រជាជនក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ ដែលសមិតិផលទាំងនេះបានផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋ ក្នុងទិសដៅជាចម្បង ដើម្បីធ្វើការកែប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនអោយតែមានសន្ដិភាព សុខុដុមរមនារុងរឿង ចឹងផ្អែកទៅលើមូលដ្ឋាននេះខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋនឹងបន្ដការគាំទ្រគណបក្សប្រជាជនដើម្បីបន្ដនៃការដឹកនាំប្រទេសជាតិបន្ដទៅទៀត បើទោះបី ជាលើសពី៤០ឆ្នាំទៀត ក៏យើងនៅតែបន្ដ ជារៀងរហូត បន្ដវេនទៅយុវជនជំនាន់ក្រោយទៀតបាទ។

សូមស្តាប់ប្រសាសន៍ ឯកឧត្តម សុខ ឥសាន៖