ឯកឧត្តម សុខ ឥសាន៖ ការដាក់បេក្ខភាពនាយករដ្ឋមន្រ្តីរបស់ CPP មិនអាចមានជនណា មហាបណ្ឌិត អ្នកវិភាគណា មកឈឺឆ្អាលជំនួស CPP បានឡើយ


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ តាមរយៈ Telegram ថា ទោះបីមានការប្រែប្រួល ឡើងចុះនៃចំនួនសម្កេងឆ្នោតចាប់តាំងពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ន    គណបក្សប្រជាជនកម្ពុជានៅតែមានសម្លេងនាំមុខគណបក្សប្រឆាំងរហូត។ ចំនួនសម្លេងនាំមុខរបស់ គណបក្សប្រជាជនកម្ពុជាលើគណបក្សប្រឆាំង ឆ្លុះបញ្ចាំងឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា នៅតែមានឧត្តមភាពនៃការគាំទ្រពីប្រជាពលរដ្ឋ     នៅតែមានប្រជាប្រិយ ភាពពី ប្រជាជន ជាម្ចាស់ឆ្នោតដដែល។ ការប្រែប្រួលតួលេខសម្លេងឆ្នោត និងចំនួនអាសនៈ ជារឿងធម្មតា នៅក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ចំណែកបេក្ខភាព នាយករដ្ឋមន្ត្រីរបស់គណបក្ស អាស្រ័យលើការសម្រេចរបស់គណបក្ស ស្របតាមគោលការណ៏ និងលក្ខន្តិកៈគណបក្ស គ្មានជនណា អ្នកវិភាគណា មហាបណ្ឌិតណា មកឈឺឆ្អាលជំនួសគណបក្សប្រជាជនកម្ពុជាបានជាដាច់ខាត ។ ម៉្យាងទៀត បើយល់ថា គណបក្សប្រជាជនកម្ពុជា ចុះខ្សោយ ហើយនោះជាឱកាសដែលអស់ លោកគួរតែបង្កើតគណបក្សមួយ ដើម្បីប្រកួតប្រជែងបោះឆ្នោតទៅ ជាការប្រសើរ បើប្រជាជនគាំទ្រអស់លោក អស់លោកកាន់អំណាចតាមការឈ្នះឆ្នោតនោះទៅ ។ នេះហើយ ហៅថាលទ្ធិប្រជាធិបតេយ្យនោះ មិនបាច់និយាយបន្លំ បោកប្រាស់ប្រជាជនដោយលំអៀង នយោបាយទេ។