សម្តេចពិជ័យសេនា ទៀ បាញ់៖ ជាភ័ព្វសំណាង កម្ពុជាមានចិនជាមហាមិត្តដែកថែប មិនដែលបោះបង់គ្នាចោល ហើយតែងតែជួយកម្ពុជាគ្រប់កាលៈទេសៈ


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ជាភ័ព្វសំណាង ដែលកម្ពុជាមានចិនជាមហាមិត្តដែកថែប មិនដែលបោះបង់គ្នាចោល ហើយតែងតែជួយកម្ពុជាគ្រប់កាលៈទេសៈ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់តាមរយៈទំព័រ Facebook យ៉ាងដូច្នេះថា «ជាភ័ព្វសំណាង ដែលកម្ពុជាមានចិនជាមហាមិត្តដែកថែប មិនដែលបោះបង់គ្នាចោល ហើយតែងតែជួយកម្ពុជាគ្រប់កាលៈទេសៈ។ បើមិនដូច្នោះទេ ប្រហែលជាយើងគ្មានលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ-១៩ រាប់សិបលានដូស សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋនោះឡើយ»

កម្ពុជា និងចិន បានចាប់ផ្តើមបង្កើតទំនាក់ទំនងគ្នាជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមព្រះរាជតម្រិះព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជាន់មុនរបស់រដ្ឋាភិបាលចិន។ទំនាក់ទំនងនេះ បានរីកចម្រើនជាបន្តបន្ទាប់ ហើយនៅក្នុងខែធ្នូឆ្នាំ២០១០ កម្ពុជា-ចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» អំឡុងជំនួបវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (WenJiabao)។ បន្ថែមពីនេះកាលពីឆ្នាំ២០១៨ អំឡុងពេលបំពេញទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ភាគីទាំងពីរក៏បានឆន្ទះក្នុងការកសាងនូវសហគមន៍មួយ ជោគវាសនាតែមួយ ដោយចង់ធ្វើឲ្យទំនាក់ទំនងដៃជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែប្រសើរថែមទៀត។ មានប្រយោជន៍ជំរុញដល់កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាលើគ្រប់វិស័យ ហើយពង្រឹងពង្រីកទំនាក់ទំនងកាន់តែទូលំទូលាយ។ ជាពិសេសចង់កសាងទំនាក់ទំនងរវាងចិន និងកម្ពុជា ក្លាយទៅជាទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយគោរពគ្នាដោយស្មើភាព និងរួមសុខរួមទុក្ខជាមួយគ្នា។

ដោយសារមិត្តភាពនេះដ៏ស្អិតរមួតនេះហើយ បានធ្វើឱ្យប្រទេសទាំងពីរទទួលផលប្រយោជន៍ទៅវិញទៅមកជាពិសេសប្រទេសកម្ពុជា ដែលទទួលបានជំនួយ និងការវិនិយោគជាបន្តបន្ទាប់ពីភាគីចិន។ បន្ថែមពីនេះ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ចិនបានក្លាយជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រទេសកម្ពុជាផងដែរ៕