ប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះក្នុងខណ្ឌឬស្សីកែវ ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត


៣ថ្ងៃជាប់គ្នានេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ ចុះចែកអំណោយលើកទឹកចិត្តដល់គណៈកម្មការឥស្លាមចំនួន៣ព្រះវិហារ ក្រោយពីលោកនាំយកស្បៀងអាហារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈអភិបាលរាជធានីភ្នំពេញ មកចែកជូនតាមលំនៅដ្ឋានប្រជាពលរដ្ឋរងគ្រោះចំនួន១៦គ្រួសារជានិមិត្តរូប និងមុនពេលប្រគល់ឱ្យលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ជាអ្នកចែកជូនប្រជាពលរដ្ឋ១២៧គ្រួសារផ្សេងទៀត ដែលជាប់ធ្វើចត្តាឡីស័ក ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ ពិសេសកូវីដបំប្លែងថ្មីដែលតា។

សកម្មភាពចែកអំណោយជូនប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងដោយមានការចូលរួមពីអភិបាលរង លីន ញ៉ក់ អាជ្ញាធរមូលដ្ឋាន ស្ថិតនៅបុរីសុខសាន្តគំរោងទី៣ ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ភូមិទួលគោក និងភូមិផ្សេងទៀត ក្នុងសង្កាត់ទួលសង្កែទី១ និងគណៈកម្មការឥស្លាមចំនួន៣ព្រះវិហារ ក្នុងសង្កាត់ច្រាំងចំរេះទី១-២ ដែលមានរយៈពេល៣ថ្ងៃជាប់គ្នាហើយចាប់ពីថ្ងៃទី៨-៩-១០ ខែកញ្ញា ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះលោក ឯក ឃុនដឿន បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងទទូចឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការធ្វើអនាម័យស្អាតជានិច្ច ពិសេសការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ» ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ និងកូវីដបំប្លែងថ្មី ដែលតា។

សូមជម្រាបថា សម្រាប់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលចែកជូនប្រជាពលរដ្ឋខាងលើនេះក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ និងទឹកស៊ីអ៉ី១យួរ៕