ឯកឧត្តម ហ៊ុន ម៉ានីអំពាវនាវឱ្យរួមគ្នាការពារទប់ស្កាត់ជំងឺកូវីដ១៩ក្នុងឱកាសបុណ្យភ្ជុំ បិណ្ឌ


ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលក៏ដូចជាការពញ្ញាក់ស្មារតីក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅក្នុងរដូវកាន់បិណ្ឌ ឬភ្ជុំបិណ្ឌនេះ គណៈកម្មការទី៧រដ្ឋសភាបានស្នើឱ្យ​ក្រសួងធម្មការ និងសាសនា ពិនិត្យមើលតាមវត្តអារាមទូទាំងប្រទេសដាក់បដា “ចូលរួមអប​អរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តន៍​វិធាន​ការ ៣ការពារ ៣កុំ” ដើម្បីទប់ស្កាត់រីកឆ្លងរីករាលដាលជំងឺកូវីដ១៩​។ នេះគឺជាការលើក​ឡើង​របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ក្នុងឱកាស​បើកកិច្ចប្រជុំ​ជាមួយ ឯកឧត្ដម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា តាមរយៈប្រព័ន្ធ Zoom នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

ការបើកកិច្ចប្រជុំនេះ ក្នុងគោលបំណង ស្តាប់ដោយផ្ទាល់នូវវឌ្ឍនភាពការ​ងារ​អនុវត្តន៍​ច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែល​សម្រេចបានដោយក្រសួងធម្មការ និងសាសនា ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យធម្មការ និងសាសនា។ ផ្តល់ជាវេទិកា​ពិភាក្សាផ្លាស់ប្តូរមតិយោបល់ ធាតុចូល និងឈ្វេងយល់បន្ថែមពីបញ្ហាប្រឈម និង​សំណូម​ពរនានាក្នុងវិស័យធម្មការ និងសាសនា និងផ្តល់ឱកាសឱ្យគណៈកម្មការទី៧ អាចជម្រាប​ជូនក្រសួងដោយផ្ទាល់ នូវសំណូមពរ ពីមូលដ្ឋានទាក់ទងនឹងវិស័យធម្មការ និងសាសនា ដែលគណៈកម្មការបានទទួល ក្នុងដំណើរបេសកកម្ម ២៥ រាជធានី-ខេត្ត ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធ​ផលការ​ងារកន្លងមករបស់ក្រសួងធម្មការ និងសាសនា ក្នុងការដឹកនាំ គ្រប់គ្រងវិស័យធម្មការ និងសាសនា ដោយធានាបាននូវការថែរក្សា និងលើកតម្កើងព្រះពុទ្ធសាសនា ក៏ដូចជា​សមិទ្ធផលនានាក្នុងវិស័យពុទ្ធចក្រ និងការជំរុញលើកកម្ពស់សុខដុមនីយកម្ម សាសនា និងការប្រតិបត្តិជំនឿរបស់ប្រជាពលរដ្ឋទូទាំងប្រទេសបានយ៉ាងល្អប្រសើរ។ ឯកឧត្តម ប្រធានគណៈកម្មការ ក៏បានលើកឡើងពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់​របស់គណៈកម្ម​ការទី៧ ក្នុងនាមសេនាធិការជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាលើការពិនិត្យ តាមដាន ការអនុវត្ត និងកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងធម្មការ រួមមានការងាររៀប​ចំគោលការណ៍ប្រតិបត្តិនានាសម្រាប់ទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ ក្នុងឱកាសនៃការឈាន​មកដល់នៃរដូវភ្ជុំបិណ្ឌ (សម្រាប់រយៈពេលខ្លី) និងការប្រតិបត្តិសាសនាទូទៅ (សម្រាប់​រយៈពេលវែង និងសម្រាប់គ្រប់សាសនា)។

ជាមួយគ្នានេះ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បាន​បង្ហាញ​នូវរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងាររបស់ក្រសួង បញ្ហាប្រឈម ក៏ដូចជា​ទិសដៅការងារបន្ទាប់ ក្នុងការបំពេញភារកិច្ចដឹកនាំ និងគ្រប់គ្រងសាសនាទាំងអស់​ក្នុង​ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសការយកចិត្តទុកដាក់លើព្រះពុទ្ធសាសនា​ដែលជា​សាសនារបស់រដ្ឋជូនដល់អង្គប្រជុំ។ ឯកឧត្ដមបានធ្វើការកត់សំគាល់នូវភារកិច្ចជា​អាទិភាព​នានា​របស់ក្រសួង ដែលក្នុងនោះ រួមមានការលើកទឹកចិត្តឱ្យសាសនាទាំងអស់ចូលរួម​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជំរុញវត្តអារាម និងវិហារសាសនានានាឱ្យក្លាយជាមជ្ឈ​មណ្ឌល​អប់រំខាងផ្នែកស្មារតី សីលធម៌ វប្បធម៌ និងសង្គមកិច្ច ក៏ដូចជាការរក្សាឱ្យបាន​នូវសុខដុមនីយកម្ម និងសេរីភាពខាងជំនឿសាសនាទាំងអស់ ដែលត្រូវបានការពារ​ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានបង្ហាញផងដែរ​ពី​បញ្ហាប្រឈមនានា ក្នុងការអនុវត្តការងារ ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាល​នៃជំងឺកូវីដ-១៩។

ជាការឆ្លើយតប ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីទ្បា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាបានសម្ដែងនូងការកោត​សរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ជាពិសេសចំពោះការដាក់ចេញវិធានការជាបន្ត​​បន្ទាប់​នាពេលកន្លងមក ក្នុងការចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ព្រះសង្ឃ​ទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បានកត់សម្គាល់ផងដែរនូវបញ្ហាប្រឈម​នានា​របស់ក្រសួង បន្ថែមពីបញ្ហាប្រឈមមួយចំនួនផ្សេងទៀត ដែលគណៈកម្មការបានឈ្វេង​យល់ តាមរយៈការចុះបេសកកម្ម និងជួបប្រជុំដោយផ្ទាល់ជាមួយប្រធានមន្ទីរធម្មការ និង​សាសនា ទាំង២៥ រាជធានី-ខេត្ត នាពេលកន្លងទៅ។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ជាក់ស្តែង នៅក្នុងកាលៈទេសៈនៃ​ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩នេះ ក្រសួងត្រូវបន្តសហការឱ្យបានស្អិតរមួតជាមួយ​អាជ្ញាធរ​មូលដ្ឋាន តាមរយៈមន្ទីរជំនាញ ដើម្បីជំរុញអនុវត្តន៍​នូវវិធានការនានា ដែលបានដាក់ចេញ​ដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាល​ដាល​នៃជំងឺកូវីដ-១៩ នៅតាមវត្តអារាម សារាវ ស្នាក់ការថ្វាយបង្គំ និងកន្លែងប្រតិបត្តិជំនឿ​សាសនានានា និងជាពិសេសក្នុងឱកាសបុណ្យទានផ្សេងៗ មិនត្រឹមតែកម្មវិធីបុណ្យភ្ជុំ​បិណ្ឌ ឬកឋិនទានខាងមុខនោះទេ។   ឯកឧត្តមបន្ថែមគណៈកម្មការទី៧ នៃរដ្ឋសភាក៏សូម​លើក​ទឹកចិត្តខ្ពស់ចំពោះក្រសួងឱ្យបន្តផ្សព្វផ្សាយ និងជំរុញការចូលរួមក្នុងយុទ្ធនាការ​ប្រយុទ្ធ​​ប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់មន្រ្តីក្រោមឱវាទ និងព្រះសង្ឃ ដូនជី តាជី   រួមទាំង​គណៈ​កម្មការអាចារ្យវត្ត និងជាពិសេសត្រូវបន្តយកចិត្តទុកដាក់ និងខិតខំបន្តអនុវត្តន៍​នូវ​អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលលោកតែងតែជំរុញឱ្យមាន​ការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ព្រះសង្ឃនៅតាមវត្តអារាម និងមន្រ្តីរាជការ តាម​រយៈការផ្តល់នូវអាទិភាពនានាក្នុងការទទួលបាននូវវ៉ាក់សាំងទាន់ពេលវេលា ក៏ដូចជាការ​បន្ត​បើកប្រាក់​បៀវត្សរ៍​ឱ្យបានទៀងទាត់ ទោះក្នុងកាលៈទេសៈលំបាកនេះក្តី។

បើតាមគណៈកម្មការទី៧នៃរដ្ឋសភា ដើម្បីជាការចូលរួមចំណែកក្នុងការ​ជំរុញការ​យល់​ដឹង និងបង្កើនការប្រុងប្រយ័ត្នពី​គ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ក្នុងពេលបុណ្យទានតាម​ទំនៀមសាសនា និងជាពិសេសពិធី​បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ គណៈ​កម្មការទី៧ នឹងផ្តល់ជូនក្រសួង​នូវបដា (Banner) ដើម្បីដាក់ចងនៅតាមបណ្តាវត្តអារាម​នានាទូទាំង២៥ រាជធានី-ខេត្ត​ក្រោមពាក្យស្លោក “ចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ”៕