រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សាដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្តែងឈាន​ទៅបើកដំណើរការសាលារៀនឡើងវិញ


នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សាដើម្បីត្រួតពិនិត្យ​ស្ថានភាពជាក់ស្តែងឈានទៅបើកដំណើរការសាលារៀនឡើងវិញ ក្នុងកម្រិតណាមួយសមស្រប កិច្ចប្រជុំប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធចូលរួមផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ នៅចំពោះមុខនេះខេត្តកំពង់ឆ្នាំង នឹងត្រៀមដាក់ឱ្យដំណើរការ​សាលារៀនឡើងវិញនៅតាមទីតាំងមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ដែលការបើកឱ្យដំណើរការឡើងវិញនេះ​គឺទាមទាឱ្យមានការពិភាក្សាគ្នាឱ្យបានច្បាស់លាស់ ចំពោះស្ថានភាពនេះ យើងត្រូវធ្វើដូចម្តេចដើម្បី ឱ្យដំណើរការសាលា​ឡើងវិញនេះ មានសុវត្ថិភាព។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តថាៈ អាជ្ញាធរមូលដ្ឋាន សាលារៀន និងអាណាព្យាបាលត្រូវយក​ចិត្តទុកដាក់ក្នុងការរៀបចំសាលាឡើងវិញដោយគិតគូរពីអនាម័យជាចំបង និងគិតអំពីវិធានការអនាម័យ ៣ការពារ និង៣កុំ ការរៀបចំប្រព័ន្ធសិក្សាតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា ដែលបានដាក់ចុះឱ្យអនុវត្ត ក្នុងដំណាក់កាលនៃបរិបទថ្មីនេះ។

នៅក្នុងឱកាសនោះកិច្ចប្រជុំបានធ្វើការពិភាក្សាយ៉ាងហ្មត់ចត់ ចំពោះដោយលើកឡើងពីបញ្ហាប្រឈមនានា នៅតាមភូមិសាស្រ្តមួយចំនួន ក្នុងការត្រៀមលក្ខណៈបើកសាលាឧឡើងវិញ ដែលស្នើឱ្យតាមសាលារៀបចំ​ពីប្រព័ន្ធអនាម័យសុវត្ថិភាពដល់សិស្សានុសិស្ស ក្នុងពេលមកសាលារៀន ដោយឱ្យអនុវត្តនូវវិធានការ៣កុំ៣ការពារ តាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ឱ្យបានជាប់ជាប្រចាំ ៕