ខេត្តកោះកុង បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង


(កោះកុង)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តកោះកុង។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

លោកជំទាវ មិថុនា ភូថង បានលើកឡើងថា រដ្ឋបាលខេត្តកោះកុង បានអនុវត្តផែនការជាជំហានៗ ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងមកដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ការចាក់វ៉ាក់សាំងសម្រេចបានលទ្ធផលដូចខាងក្រោម៖

*ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ចំនួន៨៧,៥៣៦នាក់ ស្រី ៤០,៩២០នាក់ ស្មើនឹង៩៦.១៧% ធៀបនឹងផែនការគោលដៅ។

*កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន១៣,៥៧៣ នាក់ ស្រី៦,៥៩៩នាក់ ស្មើនឹង៩២.០៥% ធៀបនឹងផែនការគោលដៅ។

*ទន្ទឹមនេះ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅខេត្តកោះកុង ក៏បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) អាស្ត្រាហ្សេនេកា ចំនួន៩,២២៦នាក់ ស្រី៣,៣៦៦នាក់។

ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តកោះកុងសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកជំទាវ ក៏បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់រដ្ឋបាលខេត្តកោះកុង ដើម្បីជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ដោយប្រការណាមួយ។

លោកជំទាវ ឱ វណ្ណឌីន ក៏បានណែនាំនូវយន្ដការមួយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលលំបាកក្នុងធ្វើដំណើរមកកាន់ទីតាំងចាក់វ៉ាក់សាំង ដោយត្រូវរៀបចំជាក្រុមគ្រូពេទ្យចល័ត ដើម្បីទៅចាក់ជូនពួកគាត់ដល់ខ្នងផ្ទះតែម្ដង។

លោកជំទាវប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជាង៩៧ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។

បន្ថែមពីនេះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងទៀតថា ការសម្រេចបានលទ្ធផលនៅពេលនេះ រាជរដ្ឋាភិបាលមិនទាន់ស្កប់ស្កល់នៅឡើយទេ ពោលនៅពេលនេះ រាជរដ្ឋាភិបាលបាននិងកំពុងដំណើរការចាក់ដូសជំរុញ ឬដូសទី៣ ជូនដល់មន្ដ្រីរាជការជួរបន្ថែមទៀត ដើម្បីបង្កើននូវការការពារជំងឺកូវីដ១៩ ខណៈដំណើរការចាក់ដូសជំរុញនេះជូនប្រជាពលរដ្ឋទូទៅ គ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ៕