រដ្ឋបាលខេត្តកំពង់ចាម ត្រៀមឧបត្ថម្ភសម្ភារសម្រាប់ការពារជំងឺកូវីដ១៩ តាមបណ្តាសាលារៀន នៅពេលបើកឲ្យសិស្សចូលរៀនវិញនៅថ្ងៃទី២០ ខែកញ្ញា


(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានត្រៀមឧបត្ថម្ភសម្ភារសម្រាប់ការពារ ការឆ្លងជំងឺកូវីដ១៩ ដល់គ្រប់សាលារៀន នាពេលបើកឲ្យសិស្សចូលរៀននៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ។

អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាល័យជួនណាត ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខណ:ពេលជួបសំណេះសំណាល ជាមួយអាណាព្យាបាលសិស្ស និងសិស្ស នៃវិទ្យាល័យជួនណាត៩១រូប ដែលបានទទួលអាហារូបករណ៍សិក្សាបន្ត។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា បើទោះជាប្រទេសជាតិកំពុងស្ថិតនៅក្នុងបរិបទកូវីដ១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ លើកកំពស់លើវិស័យសិក្សាធិការនេះ ឱ្យនៅតែបន្តដំណើរការ ដោយបានបង្កើតជាកម្មវិធី ឱ្យសិស្សសិក្សាតាមប្រព័ន្ធអនឡាញ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា វិស័យបណ្ដុះបណ្ដាលធនធានមនុស្សនេះជាអទិភាព ដើម្បីលើកកម្ពស់គុណភាពសិក្សាសម្រាប់យុវជនយើង ដែលជាទំពាំងស្នងឬស្សី និងជាថ្នាលបណ្ដុះធនធានមនុស្ស សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងទៅថ្ងៃអនាគតផងដែរ ដូច្នេះសូមឲ្យក្មួយៗទាំងអស់ ដែលបានទទួលអាហារូបករណ៍នាពេលនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យសាកសមទៅហ្នឹងការលើកទឹកចិត្ត របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំបានផ្តល់ជូន។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងផងដែរថា ការបើកឲ្យសិស្សចូលរៀននៅក្នុងថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ រដ្ឋបាលខេត្តបានចែកចេញជាពីរដំណាក់កាល គឺទី១ បើកចាប់ពីកម្រិតអនុវិទ្យាល័យឡើង ដែលមានចំនួន១២៣ សាលាទូទាំងខេត្តកំពង់ចាម។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏បានត្រៀមឧបត្ថម្ភគាំទ្រនូវសុំភារៈសម្រាប់ការពារ ការឆ្លងជំងឺកូវីដ១៩ មានដូចជា៖ ម៉ាស អាល់កុល និងសម្ភារផ្សេងៗទៀតជាបន្តបន្ទាប់ ក្នុងពេលដែលចាប់ផ្ដើមដំណើរការនាពេលខាងមុខនេះ។ ចំណែកផ្នែកបឋមសិក្សា គឺបើកនៅដំណាក់កាលទី២ នៅថ្ងៃទី១១ ខែតុលា ពេលបុណ្យភ្ជុំបិណ្ឌរួច។

ក្នុងថ្ងៃដដែលនេះលោកអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យ ធ្វើការពន្លឿនការរៀបចំមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល នៅឃ្លាំងពាណិជ្ជកម្ម ក្នុងស្រុកកំពង់សៀម ដើម្បីផ្ទេរអ្នកជំងឺ ពីវិទ្យាល័យសីហនុ ដើម្បីយកសាលាឲ្យសិស្សចូលរៀនវិញ៕