គ្រួសារចាស់ជរា និងមានជីវភាពលំបាក៤០គ្រួសារ នៅខេត្តព្រៃវែង ទទួលអំណោយសម្តេចក្រឡាហោម ស ខេង


(ព្រៃវែង)៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហួម តាំងហឿត ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងសហការី បាននាំយកអំណោយ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ចែកជូនគ្រួសារក្រីក្រ ចាស់ជរា និងជនពិការចំនួន៤០គ្រួសារ ស្ថិតនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម ហួម តាំងហឿត និងលោក ប៉ិច សុង បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីថ្នាក់ដឹកនាំ ពិសេសសម្តេចក្រឡាហោម ស ខេង ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងថ្នាក់ដឹកនាំខេត្តព្រៃវែង ដែលតែងតែគិតគូសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ នៅទូទាំងប្រទេសដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយឡើយ ជាពិសេសនោះគឺការដោះស្រាយឲ្យបានទាន់ពេលវេលានិងឆាប់រហ័ស មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ រងការលំបាកខ្វះខាត និងស្លាប់ដោយអត់ស្បៀងអាហារ ដោយគ្មានអាជ្ញាធរមូលដ្ឋានដឹងឭនោះឡើយ។

ឯកឧត្តមបានឲ្យដឹងថា យើងបានឃើញហើយថា សព្វថ្ងៃនៅក្នុងមូលដ្ឋានរបស់យើង ភូមិ ឃុំ ស្រុក បាននិងកំពុងអភិវឌ្ឍន៍ឥតឈប់ឈជាបន្តបន្ទាប់ ជាក់ស្តែងមានដូចជា៖ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រឡាយទឹក ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត នៅក្នុងមូលដ្ឋានដោយក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ ហើយប្រជាជនរបស់យើងធានាបាននូវសុខសន្តិភាពទាំងស្រុង ក្រោមនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជន ដូច្នេះហើយទើបប្រជាជនរបស់យើងយ៉ាងច្រើនលើសលប់។

ឯកឧត្តមបានបន្តទៀតថា អំណោយទាំងនេះ ទោះជាមិនអាចបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ បានយូអង្វែងក៏ពិតមែន ក៏ប៉ុន្តែវាជួយសម្រួលជីវភាព បងប្អូនប្រជាពលរដ្ឋបានមួយគ្រាផងដែរ។ ជាមួយគ្នានោះ លោកអភិបាលស្រុក បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែនគឺ៖ ៣ ការពារ និង ៣កុំ ឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មីឌែលតា (Delta) ឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ផងដែរ សម្ភារដែលចែកជូនទាំង៤០គ្រួសារ ដោយ១គ្រសារទទួលបាន អង្ករ២៥ គីឡូ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីវ១យួរ ម៉ាស់១ប្រអប់ និងថវិកា ២០,០០០រៀល៕