អ្នកជំនាញវិស័យអប់រំ សាទររាជរដ្ឋាភិបាល លើយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ ៦-១២ឆ្នាំ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុស ត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ១៩។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ ធ្វើឡើងនៅវិមានសន្តិភាព។

បើតាមសម្តេចតេជោ ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពសាំក្នុងសង្គម ឱ្យកាន់តែធំដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ។ បន្ថែមពីលើនេះ គោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ។

បុគ្គលនៅក្នុងវិស័យអប់រំ បានលើកឡើងស្រដៀងគ្នាថា កុមារទាំងអស់ប្រៀបបីដូចជាទំពាំងដែលត្រូវស្នងឫស្សី ពោលគឺពួកគាត់ត្រូវតែទទួលបានការអប់រំ ឱ្យក្លាយជាមនុស្សជំនាន់ក្រោយ ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ។ ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន សុទ្ធតែបានសាទរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល លើយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់អាយុ ១២ឆ្នាំ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងថា ទន្ទឹមនឹងការលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ឲ្យបន្តប្រតិបត្តិវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ក្រសួងអប់រំសូមសម្តែងសេចក្តីអំណរគុណ និងគាំទ្រការសម្រេចចិត្តជាយុទ្ធសាស្រ្ត របស់ប្រមុខរាជដ្ឋាភិបាលក្នុងការចាក់វាក់សាំងជូនកុមារ អាយុ៦-១២ឆ្នាំ ដែលបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើការគ្រឹះស្ថានសិក្សានៅគ្រប់កម្រិតឡើងវិញ ជាជំហានៗនៅពេលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់នាពេលខាងមុខ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមគោរពថ្លែងអំណរគុណ និងគាំទ្រការសម្រេចចិត្តជាយុទ្ធសាស្រ្ត របស់ប្រមុខរាជដ្ឋាភិបាលក្នុងការចាក់វាក់សាំងជូនកុមារ អាយុ៦-១២ឆ្នាំ»

កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត ៣០លានដូសហើយ ខណៈដែលចាក់ជូនប្រជាពលរដ្ឋបាន ប្រមាណជិត ១២លាននាក់ ក្នុងនោះប្រទេសចិន បានផ្គត់ផ្គត់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះ មានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈខូវ៉ាក់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនៅកម្ពុជាយើង ដែលត្រូវចាក់វ៉ាក់សាំងដែរនោះ មានចំនួនប្រមាណត្រឹមតែ ១លាន ៨០ម៉ឺននាក់ប៉ុណ្ណោះ។

លោក ឌឹម វីរៈរិទ្ធិ នាយកសាលាអនុវិទ្យាល័យចតុមុខ បានចាត់ទុកថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ ៦-១២ឆ្នាំនេះ គឺជាភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាល និងជាការគិតគូរយ៉ាងម៉ត់ចត់ដល់មនុស្សវ័យក្មេង ដែលជាវ័យដែលត្រូវទទួលបានការអប់រំយ៉ាងដិតដល់។

លោកបញ្ជាក់ទៀតថា «កុមារត្រូវការការសិក្សា និងត្រូវការការរៀនសូត្រ ដែលសំខាន់គឺមូលដ្ឋានគ្រឹះនេះហើយ។ បើសិនជាគ្រាប់ពូជ ឬមូលដ្ឋានគ្រឹះយើងខ្សោយ ពេលនោះចូលដល់ថ្នាក់ធំក៏ពិបាក អញ្ចឹងរាជរដ្ឋាភិបាលពិតជាមានការឈ្លាសវៃណាស់»

ថ្លែងដូចគ្នានេះដែរ លោក ទិព្វ ណារេន អគ្គនាយក និងជាប្រធានស្ថាបនិក នៃសាលារៀន អាស៊ាន ហ៊ែរីថេជ បានសម្តែងសេចក្តីសោមនស្សយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំចាក់ជូនជនរួមជាតិ ជាពិសេសពេលនេះ បានផ្តោតអារម្មណ៍លើកុមារ។ លោកក៏បានជំរុញដល់ឪពុកម្តាយ និងអាណាព្យាបាល យកកូនទៅចាក់វ៉ាក់សាំងផងដែរ ដើម្បីបានវិលទៅសិក្សានៅក្នុងថ្នាក់ដោយផ្ទាល់វិញ។

លោកបានបញ្ជាក់ដូច្នេះ៖ «អញ្ចឹងយើងមានសេចក្តីរីករាយ និងសប្បាយចិត្ត ហើយសង្ឃឹមថា ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ នឹងនាំកូនទៅចាក់វ៉ាក់សាំង តាមការណែនាំរបស់រាជរដ្ឋាភិបាលយើង ដើម្បីឱ្យគាត់បានមកចូលរៀន»

សូមជម្រាបថា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១មក គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យ ឡើងទៅ បានចាប់ផ្តើមបើកដំណើរការរៀនផ្ទាល់ឡើងវិញហើយ ដោយអនុវត្តតាមវិធានការសុខាភិបាល ក្រោយមានការអនុញ្ញាតពីក្រសួងអប់រំ បន្ទាប់ពីគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ជាពិសេសនោះ គឺកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចាក់វ៉ាក់សាំង ស្របពេលការរាលដាលជំងឺកូវីដ១៩ កំពុងស្ថិតនៅក្នុងការគ្រប់គ្រងបានល្អប្រសើរ៕

លោក រស់ សុវាចា អ្នកនាំពាក្យនៃក្រសួងអប់រំ យុវជន និងកីឡា

លោក ឌឹម វីរៈរិទ្ធិ នាយកសាលាអនុវិទ្យាល័យចតុមុខ

លោក ទិព្វ ណារេន អគ្គនាយក និងជាប្រធានស្ថាបនិក នៃសាលារៀន អាស៊ាន ហ៊ែរីថេជ