ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រៀមលក្ខណៈការពារសន្តិសុខ សណ្តា ប់ធ្នាប់ និងវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ចំណុះឱ្យគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជាមួយការអនុវត្តឱ្យបានម៉ឺងម៉ាត់ បំផុត ជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មាន ថ្ងៃទៀតខាងមុខនេះ។

ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅល្ងាចថ្ងៃ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ឱ្យទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីអនុវត្តន៍ការងារ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ ត្រូវតែមានការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការឆ្លងជំងឺកូវីដ-១៩ ត្រូវចេះការពារខ្លួនឯង បើទោះបីមានបទពិសោធន៍ នាពេលកន្លងមកហើយក្តី ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ក៏បានណែនាំឱ្យប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយ គណៈកម្មការ អាចារ្យវត្តទាំង១៥១វត្ត នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ឱ្យបានគ្រប់គ្រាន់ក្នុងការរៀបចំ វត្តអារាម ធ្វើយ៉ាងណាមិនឱ្យមានហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់ប៉ុន្មានថ្ងៃទៀតនេះ។ ក្នុងវត្តនីមួយៗនៅតាមក្លោងទ្វារវត្តត្រូវបាញ់អាកុល និងវាស់កម្ដៅ។

ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយការចាក់ វ៉ាក់សាំងជូនពលរដ្ឋនៅ រាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុងចាក់វ៉ាក់សាំងជូនកុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំនេះ ឃើញថា ការឆ្លងជំងឺកូវីដ-១៩ បានថយចុះយ៉ាងខ្លាំងនៅភ្នំពេញ ដែលធ្វើឱ្យយើងអាចដើរទៅមុខជាជំហានៗ ។ ក្នុងនោះយើងបានបើកឱ្យមានការធ្វើចរាចរឡើងវិញរបស់បងប្អូនប្រជាពលរដ្ឋ បើកឱ្យដំណើរការរោងចក្រឡើងវិញ ហើយនៅពេលថ្មីៗនេះយើងបានបើកសាលារៀនថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យឡើងវិញថែមទៀត។ នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមក៏បានណែនាំស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវណែ នាំកងកម្លាំងបន្ថែម ដើម្បីចៀសបានពីការឆ្លងជំងឺកូវីដ-១៩នេះដល់កងកម្លាំង។ បន្ថែមពីលើនេះទៀត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខណ្ឌទាំង១៤ត្រូវល្បាត មើលថែសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវការពារឱ្យបានគង់វង្សពីអំពើចោរកម្ម ៕