សម្ដេចតេជោ ហ៊ុន សែន៖ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ រំពឹងថា នឹងអាចងើបឡើងមកវិញក្នុងរង្វង់ ២,៥ភាគរយ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា បើទោះជាកម្ពុជា កំពុងទទួលរងផលប៉ះពាល់ដោយសារ វិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងអាចងើបឡើងមកវិញស្ថិតនៅក្នុងរង្វង់ ២,៥ភាគរយ បន្ទាប់ពីធ្លាក់ចុះក្នុងកម្រិត -១,៩ភាគរយ ក្នុងឆ្នាំ២០២០។

យោងតាមសារលិខិតអបអរសាទរ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មី ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការតម្រង់ទិសដៅគោលនយោបាយ និងធនធានរបស់ខ្លួនដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩ តាមរយៈការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបាន ១៣ លាននាក់ តាមការគ្រោងទុក ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច ស្ដារ និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស ដោយបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងរៀបចំ និងដាក់ចេញផែនការស្ដារសេដ្ឋកិច្ចជាតិឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដោយផ្ដល់អាទិភាពចម្បងលើ៖

១-ស្ដារឡើងវិញ គឺកសាងមូលដ្ឋានរឹងមាំសម្រាប់សេដ្ឋកិច្ចវិលទៅរកកំណើនឡើងវិញ ដោយផ្ដោតលើការធានាសុវត្ថិភាព ការគ្រប់គ្រងផលបំះពាល់ ការរក្សាលំនឹង និងការជំរុញឱ្យងើបឡើងវិញនៃធុរកិច្ចដែលមានសក្ដានុពល ជាពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស។

២-កែទម្រង់ គឺបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ ដែលរួមមានការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច និងការជំរុញ និងការអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងឯកជន។

៣- កសាងភាពធន់ គឺពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេលអនាគត ដោយផ្ដោលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមដែលរឹងមាំ មានប្រសិទ្ធភាព និងការធានាចីរភាព និងបរិយាប័ន្ននៃការស្ដារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕