ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង ៦ពាន់គ្រួសារ ទទួលអំណោយជាស្បៀងអាហារពីរដ្ឋបាលខេត្តសៀមរាប


(សៀមរាប)៖ ដោយមើលឃើញពីជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋ ជាពិសេសអំឡុងពេលបិទខ្ទប់ក្រុងសៀមរាបនោះ អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានឱ្យក្រុមការងាររៀបចំ និងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមបណ្តាក្រុង ស្រុក ក្នុងនោះក្រុងសៀមរាប រដ្ឋបាលខេត្តបានប្រគល់ជូនអាជ្ញាធរមូលដ្ឋានចាត់ចែងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម។

តាមរដ្ឋបាលខេត្ត រដ្ឋបាលខេត្តបានឱ្យអាជ្ញាធរសង្កាត់និងភូមិចុះពិនិត្យ និងផ្តល់ស្បៀអាហារដែលជាអំណោយរបស់រដ្ឋបាលខេត្តជូនដល់ប្រជាពលរដ្ឋចំនួន ៦,៥៣៦គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ១០គីឡូ ដែលរស់នៅក្នុងសង្កាត់ចំនួន៦ ជាតំបន់ក្រហមក្នុងនោះ៖

១៖ សង្កាត់ស្វាយដង្គំ មាន១៤ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១,៥២៨គ្រួសារ
២៖ សង្កាត់គោកចក មាន ៨ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២,៤២២គ្រួសារ
៣៖ សង្កាត់ស្លក្រាម មាន៨ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១,៧១២គ្រួសារ
៤៖ សង្កាត់ជ្រាវ មាន៧ភូមិន ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥១៤គ្រួសារ
៥៖ សង្កាត់ស្រង៉ែ មាន២ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៣៣គ្រួសារ
៦៖ សង្កាត់សាលាកំរើក មាន១ភូមិ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២៧គ្រួសារ។
រដ្ឋបាលខេត្តនឹងបន្តចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតជាបន្តបន្ទាប់ទៀត។

រដ្ឋបាលខេត្តក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់ថ្នាំព្យាបាលជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់នេះ។ រដ្ឋបាលខេត្ត ក៏សូមអរគុណចំពោះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានចុះមកពិនិត្យផ្ទាល់នូវស្ថានភាពការឆ្លងរាលដាលក្នុងអំឡុងពេលបិទខ្ទប់នេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប អត់ធ្មត់ និងចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ ពិសេសចូលរួមកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍ដោយចូលរួមសហការអនុវត្តតាមការណែនាំ និងវិធានការនានារបស់ក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្ត ពិសេសអនុវត្តតាមវិធានការ ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើង។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងចូលរួមជាមួយក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងកាត់ផ្តាច់ជំងឺកូវីដ-១៩ចេញពីសហគមន៍ ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមជាតិមានការរីកចម្រើនឡើងវិញ៕