ឯកឧត្តម ថោង ខុន ទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូរដ្ឋមន្ត្រីទេសចរណ៍ វប្បធម៌ និងប្រតិភូជាន់ខ្ពស់ដែលបានធ្វើដំណើរមកដល់ទឹកដីសៀមរាប-អង្គរ


នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាសៀមរាបរីសត ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូរដ្ឋមន្ត្រីទេសចរណ៍ វប្បធម៌ និងប្រតិភូជាន់ខ្ពស់ដែលបានធ្វើដំណើរមកដល់ទឹកដីសៀមរាប-អង្គរ ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី និងរដ្ឋមន្ត្រីទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ និងសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ
នៅខេត្តសៀមរាបដែលប្រព្រឹត្តិទៅពីថ្ងៃទី១១ ១៦ មិថុនា ឆ្នាំ២០១៧។
ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលបានមកជួបជុំគ្នានៅលើទឹកដីបេតិកភណ្ឌពិភពលោកក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងភាពជាដៃគូសហប្រតិបត្តិការល្អ។
រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីមួយចំនួនដូចជា ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសស្រីលង្កការ ប៊ូតង់ បានថ្លែងប្រាប់ឯកឧត្តមរដ្ឋមន្ត្រីថាពិតជាមានអារម្មណ៍រំភើបនៅពេលដែលបានមកដល់ទីក្រុងបេតិកភណ្ឌសៀមរាប-អង្គរដោយផ្ទាល់ជាលើកទី១។