ឯកឧត្តម ហ៊ុន ម៉ានី ស្ញប់ស្ញែងចំពោះការលះបង់របស់គ្រូបង្រៀន ដើម្បីផ្តល់ការអប់រំដល់សិស្សក្នុងពេលមានវិបត្តិកូវីដ១៩


(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានសម្តែងនៅការស្ញប់ស្ញែងចំពោះការលះបង់យ៉ាងធំធេង និងអស់ពីចិត្តពីកាយរបស់អ្នកគ្រូ-លោកគ្រូ ក្នុងការផ្ដល់ចំណេះដឹងដល់សិស្សានុសិស្ស ក្នុងពេលប្រទេសកម្ពុជាកំពុងជួបវិបត្តនៃជំងឺកូវីដ១៩។

ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើង ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី «កម្មវិធីស្វ័យសិក្សា MoEYS E-Learning ៥ខែបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់ជាសាធារណៈ» ក្រោមការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឯកឧត្តមបានបន្ថែមថា «ឆ្លៀតក្នុងឱកាសនេះក្នុងនាមជាប្រជាពលរដ្ឋផង ជាតំណាងរាស្រ្ដផង និងជាប្រធានគណៈកម្មការទី៧ សូមកោតសសើរដោយស្មោះ ចំពោះការដឹកនាំរបស់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រសួងអប់រំ ទាំងថ្នាក់ជាតិ និងមន្ទីរអប់រំ នាយក និងលោកគ្រូ អ្នកគ្រូ ដែលលះបង់កម្លាំងកាយចិត្ត បន្ដផ្សារភ្ជាប់មនោសញ្ចេតនា ជូនដល់សិស្សានុសិស្ស តាមរយៈការទស្សនកិច្ចរបស់ខ្លួនឃើញថា លោកគ្រូ-អ្នកគ្រូ សុខចិត្តធ្វើដំណើរពីផ្ទះរបស់ខ្លួន រៀបចំមេរៀនទៅតាមភូមិ ឬតាមសហគមន៍ ជូនដល់សិស្សានុសិស្ស។ នេះជាការបញ្ជាក់ថា បទពិសោធន៍ក្នុងប្រទេសផ្សេងជារឿងមួយ តែបទពិសោធន៍ក្នុងដំណាក់កាលនៃការឆ្លងក្នុងគ្រាលំបាក នៃគ្រាកូវីដ១៩នៅកម្ពុជា គឺយើងបានខិតខំប្រឹងប្រែង ដោយប្រើប្រាស់មធ្យបាយ ដើម្បីសម្រេចបានលើការផ្ដល់ឱកាស ដល់សិស្សានុសិស្ស បានរៀនសូត្របន្ដ»។

ឯកឧត្តមបានបញ្ជាក់ថា «លោកគ្រូ-អ្នកគ្រូ តស៊ូជិះបង្រៀនតាមភូមិ ទៅតាមភូមិខ្លះក៏មានសត្វឆ្កែរត់ដេញខាំក៏មានផងដែរ ទាំងអស់នេះគឺជាទឹកចិត្តយ៉ាងធំធេងរបស់អ្នកគ្រូ-លោកគ្រូ និងជាការចូលរួមចំណែកក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ មួយវិញទៀតនេះជាទឹកចិត្ត និងមនោសញ្ចេតនាយ៉ាងធំ ដល់សិស្សានុសិស្សរបស់យើង»

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា កូវីដ១៩ បានការផ្អាកការសិក្សានៅតាមសាលារៀន ជាបន្ដបន្ទាប់នៅទូទាំងប្រទេស ដើម្បីកុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តែមានការលើកទឹកចិត្តឲ្យសិក្សា តាមប្រព័ន្ធអនឡាញ។

ឯកឧត្តមបានបន្ថែមថា អ្វីដែលគួររំលេច គឺការខិតខំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហការីទាំងមន្ទីរ ព្រមទាំងលោកគ្រូ-អ្នកគ្រូទូទាំងប្រទេស ការជះឥទ្ធិពលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩ គឺការប៉ះពាល់ដល់សុខភាពសាធារណៈ ដែលពិភពលោកមិនដែលមាននោះទេ ដូច្នេះបទពិសោធន៍គ្រប់គ្រងបានម៉ត់ចត់ និងជោគជ័យមិនទាន់បានរកឃើញ ដោយប្រទេសមួយណានោះឡើយ គឺប្រទេសនីមួយៗមានបទពិសោធន៍រៀងៗខ្លួន។

ឯកឧត្តមបានបន្ដថា ផ្អែកលើក្របខណ្ឌនៃប្រទេសកម្ពុជា ពិសេសក្នុងវិស័យអប់រំ ក្នុងដំណាក់កាលខ្លីបំផុតគឺខិតខំស្វះស្វែង ដោយមិនមានមូលដ្ឋានបទពិសោធន៍ពី អតីតកាលពីមុននោះទេ តែខំប្រឹងប្រែងធ្វើយ៉ាងណាស្វះស្វែង រៀបចំជាគម្រោងថតជាមេរៀន ដើម្បីឲ្យសិស្សានុសិស្សបានសិក្សាទោះបីតិច ឬច្រើន នៅផ្ទះក្ដី ឬនៅកន្លែងក្ដីក៏នៅតែមានឱកាស ក្នុងការទទួលបានការសិក្សាជាបន្ដបន្ទាប់៕