អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយពី ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តនេះ !


នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយពី លោក AKIHIRO KATO ប្រធានសមាគមបាល់ទាត់ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នូវថវិកាចំនួន ១១ពាន់ដុល្លារអាមេរិក ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ការផ្តល់អំណោយរបស់លោក AKIHIRO KATO ប្រធានសមាគមបាល់ទាត់ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នាពេលនេះ គឺជាការបង្ហាញនូវវប្បធម៌ចែករំលែក ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងក្នុងសហគមន៍នាពេលបច្ចុប្បន្ន។ ហើយចំពោះអំណោយទាំងនេះ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកជូនដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតនៅតាមបណ្តាក្រុងស្រុក ក្នុងខេត្ត ដែលជាតំបន់ក្រហម។

ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ប្រធានសមាគមបាល់ទាត់ក្លឹបបាល់ទាត់អង្គរថាយហ្គឺ និងប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដែលតែងតែចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងគ្រាលំបាកគ្រប់កាល:ទេស:។ ជាមួយគ្រាលំបាកនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាបាលចុះមូលដ្ឋានខេត្តសៀមរាប តែងតែគិតគូដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ ជាងនេះទៅទៀត គឺមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏សុំការយោគយល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយសូមបងប្អូនត្រូវមានការអត់ធ្មត់ និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងដំណាក់កាលដ៏លំបាកនេះ។ បន្ទាប់ពីយើងឆ្លងផុតគ្រាលំបាកនេះ យើងនឹងអាចដំណើរការអាជីវកម្មរបស់យើង ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារ ព្រមទាំងសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងវិញ។ ឯកឧត្តម ជឿជាក់ថា បងប្អូននឹងចូលរួមសហការជាមួយនឹងក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍យើង ពិសេសចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕