អភិបាលខេត្តកំពង់ធំ បានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តដែលមានការខ្វះខាតចំនួន ៤វត្ត ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ


នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងសហការី បានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនជូនដល់វត្តដែលមានការខ្វះខាតចំនួន ៤វត្ត រួមមាន១-វត្តច្រម៉ាស់ ២-វត្ត ស្រីទេព ៣-វត្តបឹងខ្វែក ៤-វត្តគិរីវង្ស ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងឪកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជម្រាបជូនថា នៅក្នុងបរិការណ៍កូវីដ.១៩នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឱ្យផ្អាកការរៀបចំពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ និងដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋក៏អាចយកចង្ហាន់ ឬទេយ្យទានទៅប្រគេនព្រះ ចៅអធិការវត្ត ឬគណៈកម្មការវត្តបានដែរ ក៏ប៉ុន្តែត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមិនការជួបជុំប្រមូលដុំមនុស្សច្រើន គ្រាន់តែចាត់ចែងតំណាងឃុំ/ភូមិចូលរួមហើយបាន ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់គ្នា សូមមានការយោគយល់អធ្យាស្រ័យអំពីការផ្អាកនូវពិធីបិណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ មកដល់សហមន៍របស់យើង។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកអំពាវនាវដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ បងប្អូនប្រជាពលរដ្ឋត្រូវរៀនរស់ក្នុងបរិបទកូវីដ.១៩ និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ.១៩ និងបន្តរក្សាដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនកុំធ្វេសប្រហែស ។

សូមបញ្ជាក់ផងថា ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគប្រគេនក្នុង១វត្តទទួលបាន,អង្ករ ,មី ,ត្រី , ទឹកត្រី ,ទឹក ស៊ីអីវ ,ទឹកសុទ្ធ ,និងបច្ច័យមួយចំនួនផងដែរ។