World Bank ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើង២.២% សម្រាប់ឆ្នាំ២០២១ និង ៤.៥% នៅឆ្នាំ២០២២


ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញរបាយការណ៍មួយ ដោយបានកែសម្រួល ការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២១ មកនៅត្រឹម២.២ភាគរយ ខណៈឆ្នាំ២០២២ កើនឡើង ៤.៥ភាគរយ។

របាយការណ៍ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការព្យាករណ៍កំណើន សម្រាប់ឆ្នាំ២០២១ ឥឡូវត្រូវបានកែសម្រួល មកនៅត្រឹម២.២ភាគរយ ទោះបីជាការនាំចេញមានភាពរឹងមាំ គាំទ្រដោយលក្ខខណ្ឌតម្រូវការខាងក្រៅល្អ»

របាយការណ៍របស់ធនាគារពិភពលោក បានគូសបញ្ជាក់ថា ទស្សនៈវិស័យរបស់កម្ពុជា នៅតែមានភាពមិនច្បាស់លាស់ខ្ពស់ ហើយហានិភ័យសំដៅទៅរកការធ្លាក់ចុះ។

ធនាគារពិភពលោកបានបន្ដទៀតថា ទោះបីការចាក់វ៉ាក់សាំង មានវឌ្ឍនភាពជឿនលឿនក៏ដោយ ហានិភ័យនៃការផ្ទុះឡើងនៃការឆ្លងដែលអូសបន្លាយ និងការរាំងស្ទះ បន្តនៅតែមានកម្រិតខ្ពស់ ដោយសារការឆ្លង និងស្លាប់បន្តមានចំនួនច្រើន។

ក្នុងរបាយការណ៍បានឲ្យដឹងថា ប្រទេសកម្ពុជា កំពុងប្រឈមនឹងការកើនឡើងវិញ នូវករណីឆ្លងជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យការស្តារសេដ្ឋកិច្ច មានភាពយឺតយ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងបន្ដកើនឡើង ក្នុងអត្រា៥.២ភាគរយ នៅក្នុងឆ្នាំ២០២២ និងក្នុងឆ្នាំ២០២៣ ស្របពេលដែល នៅក្នុងឆ្នាំ២០២១នេះ នឹងបន្ដកើនឡើង ក្នុងអត្រា៤ភាគរយ។ ប៉ុន្តែនៅពេលនេះ ធនាគារនេះបានព្យាករណ៍ការកើនឡើននៃសេដ្ឋកិច្ច មកត្រឹម២.២% ក្នុងឆ្នាំ២០២១ និង ៤.៥ភាគរយ នៅឆ្នាំ២០២២៕