អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យប្រព័ន្ធអូរ ប្រឡាយក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ


ព្រះសីហនុ ៖ កាលពីរសៀលថ្ងៃ៧រោចខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងលោកអភិបាលក្រុងព្រះសីហនុ អញ្ជើញចុះពិនិត្យប្រព័ន្ធអូរ ប្រឡាយចាប់ពីប្រឡាយអូរ២ រហូតដល់ប្រឡាយអូរ៥ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ លេខ៤ ក្រុងខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានពិនិត្យប្លង់អូរប្រឡាយ និងរកដំណោះស្រាយ ដើម្បីបើកផ្លូវទឹកឱ្យបានធំទូលាយ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត យកគ្រឿងចក្រកាយស្តារអូរ ប្រឡាយឱ្យបានធំ និងជ្រៅជាងមុន ធ្វើយ៉ាងណា បើកមុខទឹកឱ្យហូរបានលឿន ដើម្បីកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា៕