ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អនុញ្ញាតឱ្យ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ចូលជួបសម្តែងការគួរសម


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានទទួលជួបសំណេះសំណាលជាមួយសមាគមសហគ្រិន វ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia -YEAC) តាមប្រព័ន្ធវីដេអូ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បញ្ជាក់ថា ក្នុងជំនួបនោះ លោកសៀង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរាយការណ៍ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគោលបំណង និងដំណើរការតាំងពីឆ្នាំ២០០៩ របស់សមាគម ដែលបច្ចុប្បន្នមានសមាជិកសរុប ៣៩៤នាក់ តំណាងឲ្យក្រុមហ៊ុនចំនួនជាង៧០០ មានសាខាតាមខេត្តមួយចំនួន ហើយគ្រោងបន្តបង្កើតសាខាទូទាំងប្រទេសកម្ពុជា ដើម្បីជួយជ្រោមជ្រែងពង្រឹងសមត្ថភាព និងលទ្ធភាពធ្វើធុរកិច្ចដល់សហគ្រិនវ័យក្មេងកម្ពុជា។ តំណាងសមាគមបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រី្ត ហ៊ុន សែន ដើម្បីអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គម រួមទាំងជោគជ័យក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនប្រជាជន។

សមាគមសហគ្រិនវ័យក្មេងបានគោរពស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ ដល់សមាគមន៍ ដើម្បីបង្កើនការចូលរួមចំណែកលើកស្ទួយឃឿនសេដ្ឋកិច្ចកម្ពុជា ស្របទៅតាមកិត្យានុភាពកាន់តែខ្ពស់ និងតួនាទីកាន់តែសកម្មរបស់កម្ពុជា ដែលជាលទ្ធផលនៃកិច្ចប្រឹងប្រែងអនុវត្តនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ព្រមទាំងការណ៍អមសំខាន់ៗនៅខែវិច្ឆិកា ឆ្នាំ២០២១ និងការទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣ នៅឆ្នាំ២០២២។

ជាកិច្ចឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានមតិ ស្វាគមន៍ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងបានកោតសរសើរពីការរីកចម្រើនរបស់សមាគម ព្រមទាំងឆន្ទៈស្វែងយល់ឲ្យបានស៉ីជម្រៅពីការវិត្តស្ថានការណ៍លើគ្រប់ទិដ្ឋភាព ក្នុងបរិបទសាកលភាវូបនីយកម្ម រួមទាំងការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងនិន្នាការតំបន់ និងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំពីតួនាទី និងការខិតខំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការងារការទូតកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសតាំងពីក្រោយពេលកម្ពុជាទទួលបានសន្តិភាពពេញលេញ និងបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។

ពាក់ព័ន្ធនឹង កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងព្រឹត្តិការណ៍អមចំនួន៦ នៅចុងឆ្នាំ២០២១នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរៀបរាប់ពីសារៈសំខាន់ធំធេងជាប្រវតិ្តសាស្រ្តសម្រាប់កម្ពុជាក្នុងការទទួលតួនាទីធ្វើជាម្ចាស់ផ្ទះរៀបចំ និងធ្វើសហប្រធានដឹកនាំកិច្ចប្រជុំ ដែលមានមេដឹកនាំកំពូលពីអឺរ៉ុប និងអាស៊ី ចំនួន៥១ប្រទេស ព្រមទាំងអង្គការតំបន់ដ៏សំខាន់ពីរគឺអាស៊ាន និងសហភាពអឺរ៉ុប រួមពិភាក្សា និងផ្លាស់ប្តូរមតិគ្នាស្តីពីការដោះស្រាយបញ្ហាប្រឈមធំ និងការវិវត្តស្ថានការណ៍ក្នុងតំបន់ទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានពិពណ៌នាត្រួសៗអំពីការត្រៀមទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលកម្ពុជាមានភារកិច្ចត្រូវរៀបចំកិច្ចប្រជុំអាស៊ានជាច្រើន ក្នុងនោះមានកិច្ចប្រជុំធំៗដូចជា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រកំពូលពាក់ព័ន្ធ និងខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតអាស៊ាន។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រី្តក៏បានលើកអំពីអាទិភាព និងសកម្មភាពសំខាន់ជាច្រើន ដែលកម្ពុជានឹងជំរុញអនុវត្តក្នុងនាមជាប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ រួមទាំងការប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីត១៩ និងកិច្ចប្រឹងប្រែងងើបចេញពីផលប៉ះពាល់នៃជំងឺនេះ និងស្ថានការណ៍ភូមិសាស្រ្តនយោបាយក្នុងតំបន់ និងការបន្តអនុវត្តផែនការសកម្មភាពកសាងសហគមន៍អាស៊ានលើសសរស្តម្ភនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ដែលបានអនុម័តកន្លងមក និងការងាររៀបចំទស្សនវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា ផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ស្ថានបេសកម្មកម្ពុជានៅបរទេស និងសហការជាមួយក្រុមការងារការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស ដើម្បីពង្រីកវិសាលភាពធុរកិច្ច និងសមត្ថភាពរបស់សហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយផលិតផលកម្ពុជា លើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ វប្បធម៌ និងវិនិយោគកម្ពុជា លើឆាកអន្តរជាតិ។

ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្រី្ត បានស្នើឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា សិក្សាលទ្ធភាពទាញប្រយោជន៍ពីកលានុវត្តភាពក្នុងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដែលគ្របដណ្តប់លើវិស័យយុទ្ធសាស្រ្តជាអាទិភាពចំនួន ៥ រួមមាន៖ លើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាល ពង្រឹងសន្តិសុខមនុស្យ ពង្រីកសក្តានុពលទីផ្សារក្នុងអាស៊ាន និងសមាហរណកម្មអាស៊ាន បង្កើនការអភិវឌ្ឈវិស័យឌីជីថល និងធ្វើទំនើបកម្មឆ្ពោះទៅអនាគតប្រកបដោយភាពធន និងចីរភាព។

លោក សៀង សុបញ្ញា តាងនាមសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជាទាំងមូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យក្រុមថ្នាក់ដឹកនាំសមាគមបានជួបសំណេះសំណាល និងទទួលបាននូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដើម្បីពង្រឹងសមាគមន៍ និងបង្កើនប្រសិទ្ធភាពរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា៕