ពលរដ្ឋ១០គ្រួសារ នៅឃុំរកាកោងទី១ ស្រុកមុខកំពូល ទទួលបានអំណោយពីឯកឧត្តម ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន


(កណ្តាល)៖ លោកស្រី ឌឹប អេង អភិបាលរងស្រុកមុខកំពូល តំណាងអភិបាលស្រុកមុខកំពូល និងក្រុមការងារឯកឧត្តម ហាស់ វ៉ារី រួមទាំងអាជ្ញាធរឃុំរកាកោងទី១ បាននាំ យក អំណោយរបស់ឯកឧត្តម ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ចុះប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺកូវីដ១៩ និងមានជីវភាពក្រីក្រ ចំនួន១០គ្រួសារ ចំនួន៤ភូមិ រួមមាន៖ ភូមិពាម ០៣គ្រួសារ ភូមិព្រែកផ្ដៅ ០៣គ្រួសារ ភូមិគោហ៊េ ០២គ្រួសារ និងភូមិរកាកោង ០២គ្រួសារ ក្នុងស្រុមមុខកំពូល ខេត្តកណ្តាល។

លើកឡើងក្នុងឱកាសចុះចែកអំណោយនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ឌឹប អេង ក៏បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តម ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹកផងដែរ។

លោកស្រី ឌឹប អេង ក៏បានជំរុញឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ដោយត្រូវតែរួមគ្នាទប់ស្កាត់វាឱ្យខាងតែបាន និងត្រូវអនុវត្តទៅតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនត្រូវជួបជុំគ្នាច្រើន ត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីសម្លាប់មេរោគ ជាពិសេសចំពោះ អ្នកចំណូលថ្មី និងអ្នកដែលមកពីក្រៅប្រទេស ដោយត្រូវយកគាត់ទៅពិនិត្យរកមេរោគកូវីដ១៩ និងត្រូវដាក់ឱ្យគាត់ស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន។

សូមបញ្ជាក់ថា អំណោយរបស់ឯកឧត្តម ហាស់ វ៉ារី ប្រគល់ជូនប្រជាពលរដ្ឋរួមមាន៖ ក្នុង០១គ្រួសារទទួលបានអង្ករ១៥គីឡូក្រាម មីម៉ាម៉ា០១កេស ត្រីខ០១យួ ទឹកត្រី០១យួ ទឹកស៊ីអ៊ីវ០១យួរ ទឹកបរិសុទ្ធវីតាល់០១កេស និងថវិកា ៥០,០០០រៀល ដោយឡែកគ្រួសារលោកយាយ ចាន់ផន អាយុ ៩៧ឆ្នាំ រស់នៅភូមិគោហ៊េ បានទទួលមរណៈភាព ទទួលបានថវិកាបន្ថែម ១៥០,០០០រៀល។ ជាមួយគ្នានោះដែរ លោកស្រី ឌឹប អេង ក៏បានដឹកនាំក្រុមការងារនាំយកបច្ច័យ ៤៧០,០០០រៀល ទឹកបរិសុទ្ធវីតាល់ ភេសជ្ជះ និងអង្ករ៥០គីឡូក្រាម ប្រគេនជួនព្រះគ្រូចៅអធិការវត្តមហានិគ្រោធក ហៅវត្តចាស់ ផងដែរ៕